នគរបាលក្នុងប្រទេសឥណ្ឌា កំពុងស៊ើបអង្កេតលើគ្រូបង្រៀនម្នាក់ បន្ទាប់ពីវីដេអូដែលគ្រូបង្រៀនម្នាក់នោះឱ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់អាយុ៧ឆ្នាំរបស់ពួកគេដែលជាជនម៉ូសី្លម បានបង្កឱ្យមានការខឹងសម្បារយ៉ាងទូលំទូលាយនៅក្នុងប្រទេស។

វីដេអូនៃឧបទ្ទវហេតុ ដែលបានកើតឡើងនៅក្នុងស្រុក Muzaffarnagar ភាគខាងជើងរដ្ឋ Uttar Pradesh នោះ បានបង្ហាញពីក្មេងប្រុសម្នាក់នេះឈរនៅចំពោះមុខមិត្តរួមថ្នាក់របស់គេដោយភាពភ័យខ្លាច ខណៈដែលគ្រូហៅសិស្សឱ្យវាយក្មេងនោះ។
លោក Satyanarayan Prajapat ស្នងការនគរបាលរបស់ស្រុក Muzaffarnagar កាលពីថ្ងៃសុក្រ បាននិយាយថា គ្រូបង្រៀននោះបានប្រាប់សិស្សឱ្យវាយក្មេងប្រុសនេះ «ព្រោះគេមិនចាំកាលវិភាគបង្រៀនរបស់ខ្លួន» ។ យោងតាមលោក Prajapat បានឲ្យដឹងថា គ្រូបង្រៀនម្នាក់នោះក៏បាននិយាយយោងទៅលើសាសនារបស់ក្មេងប្រុសនេះផងដែរ។ នគរបាលស្រុកបានកសាងសំណុំរឿងប្រឆាំងនឹងអ្នកគ្រូបង្រៀននេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ។ អ្នកគ្រូម្នាក់នោះ មិនត្រូវបានចោទប្រកាន់ជាផ្លូវការទេ។
ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានការខឹងសម្បា និងការខកចិត្តស្ទើរតែក្នុងស្ថានភាពទូទៅ នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក មានប្រជាជនចំនួន១,៤ពាន់លាននាក់ ដែលគោលនយោបាយជាតិនិយមហិណ្ឌូរបស់គណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាច បានធ្វើឱ្យភាពតានតឹងសហគមន៍របស់ប្រទេសកាន់តែស៊ីជម្រៅ ហើយបានបង្កើតនូវអ្វីដែលក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់រដ្ឋាភិបាលនិយាយថា ជាបរិយាកាសនៃការភ័យខ្លាច និងការផ្តាច់ខ្លួនក្នុងចំណោមក្រុមជនជាតិភាគតិចផងដែរ៕
