រដ្ឋាភិបាលម៉ិកស៊ិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនទាហានចំនួន១.២០០នាក់បន្ថែមទៀត ទៅកាន់រដ្ឋមីឆ្វាខាន (Michoacan) ភាគខាងលិចដែលគ្រប់គ្រងដោយក្រុមជួញដូរគ្រឿងញៀន បន្ទាប់ពីមានអំពើហិង្សាកាលពីចុងសប្តាហ៍។

រដ្ឋអាជ្ញា បាននិយាយថា ហាងលក់ទំនិញចំនួនបី និងរថយន្តដឹកទំនិញចំនួន៥គ្រឿង ត្រូវបានដុតបំផ្លាញ ដែលជាយុទ្ធសាស្ត្រមួយដែលក្រុមជួញដូរគ្រឿងញៀនតែងតែប្រើក្នុងរដ្ឋ ដើម្បីបិទផ្លូវ និងអនុវត្តការទាមទារជំរិតទារប្រាក់។
រដ្ឋអាជ្ញា បាននិយាយថា បុរសបីនាក់ និងយុវជនបីនាក់ ដែលមានអាយុ ១៦ និង ១៧ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងការវាយប្រហារនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ទាហាន និងសមាជិកឆ្មាំជាតិ ត្រូវបានដាក់ពង្រាយនៅចុងសប្តាហ៍។ វាបានបន្តថា ពួកគេត្រូវបានបញ្ជាឲ្យរារាំងក្រុមឈ្មួញ គ្រឿងញៀនពីការបិទផ្លូវបន្ថែមទៀត«ដើម្បីឲ្យប្រជាជនអាចធ្វើអាជីវកម្មរបស់ពួកគេជាធម្មតា» ។
ទាហាន ត្រូវបានឈរជើងនៅគ្រប់រដ្ឋម៉ិកស៊ិក ប៉ុន្តែកងទ័ពមិនបាននិយាយថា ចំនួនប៉ុន្មានរួចទៅហើយនៅក្នុងរដ្ឋមីឆ្វាខាន ( Michoacan) មុនពេលការដាក់ពង្រាយចុងសប្តាហ៍នោះ។
