ទាហានម៉ារីនសហរដ្ឋអាមេរិក៣នាក់ ដែលបានស្លាប់នៅពេលយន្តហោះOsprey របស់ពួកគេបានធ្លាក់អំឡុងសមយុទ្ធយោធា នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានកំណត់អត្តសញ្ញាណដោយអង្គភាពរបស់ពួកគេ។

នាង Spencer R. Collart អាយុ២១ឆ្នាំ លោកកាពីទែន Eleanor V. LeBeau អាយុ២៩ឆ្នាំ និងលោក Tobin J. Lewis អាយុ៣៧ឆ្នាំស្ថិតក្នុងចំណោមទាហានម៉ារីន ២៣នាក់នៅលើយន្តហោះ MV-22B Osprey នៅពេលយន្តហោះបានធ្លាក់ នៅកោះ Melville កាលពីថ្ងៃអាទិត្យ។
អង្គភាពរបស់ពួកគេបាននិយាយកាលពីថ្ងៃចន្ទថា នាងCollart គឺជាប្រធានក្រុមយានិកយន្តហោះ Osprey លោក LeBeau ជាអាកាសយានិក និងលោក Lewis ជាមន្ត្រីប្រតិបត្តិ នៃក្រុមកម្រិតមធ្យមកងម៉ារីនលេខ363។ លោកវរៈសេនីឯក Brendan Sullivan មន្ត្រីទីបញ្ជាការរបស់អង្គភាពបាននិយាយថា យើងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សមាជិកជាទីគោរពស្រលាញ់ចំនួន៣នាក់ របស់គ្រួសារកងកម្លាំងប្តូរវេនកងម៉ារីន Darwin។ គំនិតរបស់យើង និងការបួងសួងនៅជាមួយក្រុមគ្រួសារ និងនៅជាមួយអ្នកជាទីស្រលាញ់ទាំងអស់។
ក្នុងចំណោមកងម៉ារីន២០នាក់ផ្សេងទៀត ៣នាក់នៅព្យាបាលនៅឡើយនៅមន្ទីរពេទ្យ Royal Darwin Hospital។ ម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង២នាក់ផ្សេងទៀតមានស្ថិរភាព ហើយអ្នកក្រៅពីនេះ១៧នាក់ទៀត បានព្យាបាលជាសះស្បើយដោយមានរបួសស្រាល និងបានចេញពីមន្ទីរពេទ្យ។ រីឯមូលហេតុនៃការធ្លាក់យន្តហោះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
