សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមហុងកុង និងម៉ាកាវ នាខែក្រោយហើយ ដោយលោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានកោះហៅកីឡាករ ២៦នាក់ ដើម្បីត្រៀមការប្រកួតទាំងពីរនេះ ។
ក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានកោះហៅលើកនេះ មានកីឡាករមួយចំនួន បានត្រឡប់មកកាន់កៅអីជម្រើសជាតិវិញ ក្រោយខកខានជាយូរ ខណៈកីឡាករវ័យក្មេងមួយចំនួន ក៏ត្រូវបានផ្ដល់ឱកាស ក្នុងការប្រកួតមិត្តភាព ដែលជាការត្រៀមឆ្ពោះទៅការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នាពេលខាងមុខផងដែរ ។
សម្រាប់កីឡាករ ២៦រូប ដែលត្រូវបានកោះហៅ រួមមានកីឡាករ សៀង ចន្ធា ដែលកំពុងប្រកបអាជីពជាមួយក្លិប Shahania Sports Club នៃលីគទី២ កាតា ។ កីឡាករ សឿយ វិសាល, គួច ដានី និង ថេឡរ ឌឿង នីកូឡាស មកពីព្រះខ័នរាជស្វាយរៀង ។ កីឡាករ វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ថា ចន្ទាកា, ឃាន់ សុប៉ិន និង កាន់ ពិសាល មកពីក្លិបបឹងកេត ។
កីឡាករ ឈង់ ប៊ុនណា និង គួច សុកុម្ភៈ មកពីណាហ្គាវើលដ៍ ។ កីឡាករ អ៊ន ចាន់ប៊ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា និង ជួន ចាន់ចាវ មកពីភ្នំពេញក្រោន ។ កីឡាករ គីម ចាន់វាសនា និង គង់ លីហ៊ួរ មកពីព្រៃវែងអេហ្វស៊ី ព្រមទាំងកីឡាករ ហ៊ុល គឹមហ៊ុយ, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់, កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា មកពីវិសាខា ។
តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅថ្ងៃទី៣០ ខែសីហាស្អែកនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពោលគឺត្រូវជួបក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញាខាងមុខ៕ អត្ថបទ៖ លី ឈុនឡា
