បាល់ទាត់៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer កំពុងសម្លឹងជើងឯកលើកដំបូង ចាប់តាំងពីមកដឹកនាំនៅរដូវកាល ២០១៨-១៩ ខណៈបិសាចក្រហម Manchester United នឹងជួបក្រុមអេស្ប៉ាញ Villarreal រាត្រីនេះវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។

Solskjaer ដែលធ្លាប់មានប្រវត្តិឈ្នះជើងឯក UEFA Champions League ជាមួយ Manchester United ក្នុងនាមជាកីឡាករនោះ មិនទាន់ដឹកនាំក្រុមឈ្នះពានណាមួយឡើយ តាំងពីចូលដឹកនាំដំបូងនៅឆ្នាំ២០១៨ បន្តពី Jose Mourinho។ ជំនួបនៅទីក្រុង Gdansk ប្រទេសប៉ូឡូញរាត្រីនេះ អ្នកចាត់ការសញ្ជាតិណ័រវេយរូបនេះបានបង្ហាញពីជំនឿចិត្តរបស់ខ្លួន ក្នុងការយកឈ្នះក្រុមអេស្ប៉ាញ Villarreal ដែលបញ្ចប់រដូវកាលនៅ La Liga លេខ៧។ ស្ថានភាពកីឡាករនៅពេលនេះ Manchester United មិនទាន់ច្បាស់ថា ខ្សែការពារកណ្តាល Harry Maguire អាច ចូលលេងបាន រឺក៏អត់នៅឡើយទេ បន្ទាប់ពីមានរបួសកជើងកាលពី ២សប្តាហ៍មុន។ ក្រៅពី Harry Maguire, Manchester United នឹងមិនមានវត្តមាន Anthony Martial និងខ្សែការពារ Phil Jones ឡើយនៅលើទីលានដោយសាររបួសជង្គង់ដូចគ្នា។ មកដល់ពេលនេះដែរលោក Solskjaer មិនទាន់ប្រាកដថា អ្នកចាំទីទាំងពីរ David de Gea រឺ Dean Henderson ជាជំរើសដំបូងនៅឡើយ ដែលជាការលំបាកក្នុងការសំរេចចិត្ត សំរាប់អ្នកចាត់ការសញ្ជាតិណ័រវេយរូបនេះ។

ងាកមកក្រុមអេស្ប៉ាញ Villarreal វិញនេះជាការបង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌអឺរ៉ុប តែសំរាប់អ្នកចាត់ការបច្ចុប្បន្នលោក Unai Emery មិនមែនជាបទពិសោធថ្មីឡើយ ពោលគឺអតីតអ្នកចាត់ការ Arsenal រូបនេះធ្លាប់ដឹកនាំ Sevilla ឈ្នះពាន Europa League នេះ ៣រដូវកាលជាប់គ្នា។ Villarreal ក៏កំពុងសម្លឹងជើងឯកអឺរ៉ុបលើកដំបូងដែរ ក្នុងប្រវត្តិសាស្ត្រក្លិប ៩៨ឆ្នាំ។ Villarreal ដែលឡើងមកដល់វគ្គនេះដោយទំលាក់ Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ មិនទាន់ចាញ់មួយប្រកួតណាឡើយនៅ Europa League រដូវកាលនេះដោយរួមមានឈ្នះ ១២ ស្មើ ២។ ជំនួបនៅទឹកដីប៉ូឡូញយប់នេះគឺជាជំនួបទី៥ របស់ក្រុមទាំងពីរ បន្ទាប់ពីជំនួប ៤លើកកន្លងមកនៅ Champions League រដូវកាល ២០០៥-០៦ និង ២០១០-១១ សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០៕
អត្ថបទ៖នាង សុភាវុធ