មេដឹកនាំបក្សប្រឆាំងបេឡារុស លោក ប៉ាវ៉ែល ឡាទុសកូ (Pavel Latushko) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញកាលពីថ្ងៃទី២៨ ខែសីហាថា ក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសបេឡារុស បាននឹងកំពុងផ្តល់លិខិតឆ្លងដែនថ្មីដល់ក្រុមទាហានស៊ីឈ្នួលWagner។

លោកឡាទុសកូ ដែលដឹកនាំអង្គការប្រឆាំងគឺ អង្គការគ្រប់គ្រងប្រឆាំងវិបត្តិជាតិ(NAM) បាននិយាយថា ការផ្តល់ឲ្យនេះ បានកើតឡើងអស់រយៈពេលមួយខែមកហើយ។
លោក ឡាទុសកូ បាននិយាយថា៖«សមាជិកWagner កំពុងទទួលបានលិខិតឆ្លងដែនបេឡារុស ដែលជាឯកសារពិតប្រាកដ ប៉ុន្តែត្រូវបានចេញជាឈ្មោះផ្សេងទៀត។ ដូច្នេះហើយ ពួកគេអាចចូលសហភាពអឺរ៉ុបបានតាមរយៈការឆ្លងកាត់ព្រំដែននេះ។
លោក បាននិយាយថា ក្រុមទាហានស៊ីឈ្នួល Wagner នឹងអាចប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ និងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសទាំងនោះបាន។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវ៉ាសូវី ក្រុមមន្ត្រីមកពីប្រទេសប៉ូឡូញ ឡាតវី និងលីទុយអានី បាននិយាយថា ពួកគេកំពុងពិចារណាបិទព្រំដែនទាំងអស់ជាមួយប្រទេសបេឡារុស ក្រោមការគំរាមកំហែងរបស់ក្រុមWagner។

