លីបង់ ៖ បណ្ដាអង្គការជាតិ និងអន្តរជាតិបាន លើកឡើងពីកង្វល់ជាច្រើន បន្ទាប់ពីបម្រាមលើស្ត្រីអាហ្វហ្គានីស្ថាន មិនឱ្យទៅលេងឧទ្យានជាតិ Band-e-Amir ក្នុងខេត្ត Bamiyan នៃប្រទេសអាហ្វហ្គានីស្ថាន នេះបើតាមការរាយការណ៍របស់សារព័ត៌មាន TOLO News កាលពីថ្ងៃចន្ទ (២៨សីហា)។
នាយកផ្នែកសិទ្ធិនារីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Heather Barr បាននិយាយថា ពួកតាលីបង់បានដកសិទ្ធិសំខាន់ៗរបស់ស្ត្រី។ នៅក្នុងការតវ៉ាចំពោះការហាមប្រាមនេះ លោក Richard Bennett អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអាហ្វហ្គានីស្ថានបានចោទជាសំណួរថា «តើមាននរណាម្នាក់អាចពន្យល់បានទេថា ហេតុអ្វីបានជាការរឹតបន្តឹងលើស្ត្រីដែលទៅលេងឧទ្យាន Bande Amir គឺជាភាពចាំបាច់ដើម្បីគោរពតាមច្បាប់ Sharia (សារីយ៉ា) និងវប្បធម៌អាហ្វហ្គានីស្ថាន?»
ជាងនេះទៅទៀត សកម្មជនសិទ្ធិស្ត្រីម្នាក់ឈ្មោះ Tafseer Siah Posh សង្ឃឹមថា នឹងមានហេតុផលនៅពីក្រោយការហាមប្រាមរបស់ពួកតាលីបង់លើស្ត្រីមិនឱ្យទៅលេងឧទ្យានជាតិ Band-e-Amir នេះ។
ខណៈដែលអំពើឃោរឃៅរបស់ពួកតាលីបង់ បន្តបន្ថែមលើភាពវេទនារបស់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន អង្គការមួយនេះបានហាមឃាត់ស្ត្រីមិនឱ្យទៅលេងឧទ្យានជាតិ Band-e-Amir ក្នុងខេត្ត Bamyan ភាគកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងជំហានថយក្រោយ នេះបើយោងតាមសារព័ត៌មាន Khaama Press៕

