ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ឧសភានេះ បានថ្វាយសារលិខិតអរព្រះគុណព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រទានព្រះរាជទ្រព្យប្រចាំ ខែឧសភា សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។
ក្នុងសារលិខិតសម្តេច បានសរសេរថា ខ្ញុំម្ចាស់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា - មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន ១.០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សំរាប់ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទាន ព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សំរាប់ជួយសង្គ្រោះ ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះ ៖ ដោយគ្រោះមហន្តរាយផ្សេងៗ ។
ខ្ញុំម្ចាស់សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សំរាប់ ប្រជារាស្ត្រកម្ពុជា ជ្រកកោន តរៀងទៅ ៕
អត្ថបទ ៖ មុត សុត
