កីឡាករវាយកូនបាល់ដាណឺម៉ាក Holger Rune បានរងបរាជ័យភ្ញាក់ផ្អើលត្រឹមជុំដំបូងនៃព្រឹត្តិការណ៍ Grand Slam, US Open ក្រោយចាញ់កីឡាករលំដាប់លេខ ៦៣ ពិភពលោក Roberto Carballes សញ្ជាតិអេស្ប៉ាញ។
កីឡាករវ័យ ២០ ឆ្នាំរូបនេះចាញ់ដោយលទ្ធផល ៦-៣ ៤-៦ ៦-៣ និង ៦-២ បន្ទាប់ពីកីឡាករដាណឺម៉ាករូបនេះ ក៏ធ្លាប់រិះគន់ទីលានប្រកួតដែរ មុនការប្រកួតមកដល់។
Holger Rune ធ្លាប់ឡើងដល់វគ្គ ៨ នាក់ចុងក្រោយ Wimbledon កាលពីខែកក្កដា តែក្រោយមកលេងបានតែ ២ ប្រកួតប៉ុណ្ណោះដោយសារបញ្ហារបួស។

ងាកមកកីឡាករអូទ្រីស Dominic Thiem មិនមានបញ្ហាឡើយក្រោយយកឈ្នះកីឡាករលំដាប់លេខ ២៥ Alexander Bublik ដែលជាជ័យជំនះដំបូងនៅ Grand Slam ក្នុងរយៈពេលជាង ២ ឆ្នាំ។
ជ័យជំនះចុងក្រោយបំផុតនៅ Grand Slam របស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះគឺឈ្នះ និងឡើងដល់ជុំទី ៤ Grand Slam, Australian Open កាលពីឆ្នាំ ២០២១។
ជុំទី ២ Dominic Thiem នឹងជួបកីឡាករម្ចាស់ផ្ទះអាមេរិកដែលកំពុងរះ Ben Shelton។
ចំណែកឯជើងឯករងឆ្នាំមុន Casper Ruud ក៏មិនមានបញ្ហាដែរក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Emilio Nava តានតឹង ៧-៦(៧-៥) ៣-៦ ៦-៤ និង ៧-៦(៧-៥)៕ អត្ថបទ៖នាង សុភាវុធ
