ចិន ៖ ក្រសួងហិរញ្ញវត្ថុចិន បានឲ្យដឹង នៅថ្ងៃអង្គារ (ទី២៩ ខែសីហា) នេះ ថា ប្រទេសចិននឹងពង្រីកគោលនយោបាយអនុគ្រោះពន្ធ សម្រាប់ជនបរទេស ដែលធ្វើការនៅក្នុងប្រទេស រហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនបរទេស ដែលកំពុងប្រឹងប្រែងយ៉ាងលំបាកលំបិន ក្នុងទាក់ទាញអ្នកដែលមានសមត្ថភាពមកធ្វើការ ក្រោយជំងឺរាតត្បាតកូវីដ-១៩។
នៅមុននេះ រដ្ឋាភិបាលបានស្នើឲ្យលុបចោលការផ្តល់ប្រាក់បំណាច់មិនជាប់ពន្ធ សម្រាប់ពលករបរទេស កាលពីឆ្នាំ២០២២ ប៉ុន្តែបានសម្រេចបន្តគម្រោងនេះ ដោយផ្អែកលើមូលដ្ឋានការត្រួតពិនិត្យ រហូតដល់ចុងឆ្នាំនេះ។
សភាពាណិជ្ជកម្ម និងសហជីពសាជីវកម្មបរទេស ក្នុងប្រទេសចិន បាន និងកំពុងស្វែងរកការបំភ្លឺជាបន្ទាន់ថា តើរដ្ឋាភិបាលនឹងបន្តបន្ថែមទៀតនូវគោលនយោបាយ ដែលអាចឲ្យជនបរទេសទទួលបានអត្ថប្រយោជន៍ពីការកាត់ពន្ធនានាដែរ ឬទេ ដូចជាការជួលផ្ទះ ការអប់រំរបស់កុមារ ការបណ្តុះបណ្តាលភាសា និងការចំណាយផ្សេងទៀត។
លោក Kiran Patel នាយកជាន់ខ្ពស់ នៅឯក្រុមប្រឹក្សាធុរកិច្ចចិន-ចក្រភពអង់គ្លេស បាននិយាយថា៖ «យើងជឿជាក់ថា គោលនយោបាយនេះ នឹងជួយទប់ស្កាត់លំហូរចេញបន្ថែមទៀតនៃអ្នកមានសមត្ថភាពអន្តរជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ខណៈពេលដែលក៏ផ្តល់ឲ្យផងដែរដល់ក្រុមហ៊ុនពហុជាតិនូវភាពច្បាស់លាស់អំពីយុទ្ធសាស្រ្តពាក់ព័ន្ធនឹងសមត្ថភាពរបស់អ្នកទាំងនោះ ទាក់ទងនឹងការចាត់ចែងបុគ្គលិកបរទេស និងការរៀបចំរចនាសម្ព័ន្ធកញ្ចប់សម្រាប់ពួកគេ»។
ក្នុងខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្លាក់ចុះ អាជ្ញាធរបានព្យាយាមធ្វើឲ្យការវិនិយោគបរទេសមានជីវិតជីវ៉ាឡើងវិញ ដោយក្រុមហ៊ុនលំដាប់ពិភពលោកនានា មិនមានការចាប់អារម្មណ៍ចំពោះគោលនយោបាយល្បួងចិត្តថ្មីៗ ដែលពួកគេនិយាយថា ខ្វះការជំរុញលើកទឹកចិត្ត ដែលធ្លាប់ប្រើដើម្បីប្រមូលប្រាក់ពីបរទេស៕

