ជប៉ុន ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្រាប់ឲ្យដឹង នៅថ្ងៃអង្គារ (ទី២៩ ខែសីហា) នេះ ថា ការរុកកួន ដែលជប៉ុនកំពុងប្រឈមជាមួយនៅប្រទេសចិន បន្ទាប់ពីមានការបញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima គឺជារឿង «គួរឲ្យសោកស្តាយជាពន់ពេក» ដោយលោកបញ្ជាក់ថា ឥដ្ឋ ១ដុំ ត្រូវបានគប់ដាក់ស្ថានទូតនៃប្រទេសរបស់លោក ក្នុងទីក្រុងប៉េកាំង។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រទេសចិន បានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជិតខាងរបស់ខ្លួន នៅពេលដែលប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រដែលរងការខូចខាត ក្នុងប្រតិបត្តិការក្រុងតូក្យូ ហើយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយថា មានសុវត្ថិភាព។
ចាប់តាំងពីពេលនោះមក ប្រទេសជប៉ុនបានជំរុញឲ្យពលរដ្ឋរបស់ខ្លួន ក្នុងប្រទេសចិន បន្តកុំបង្ហាញមុខជាសាធារណៈ និងបានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខ នៅជុំវិញសាលារៀន និងបេសកកម្មការទូត។
រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃអង្គារនេះ បានបញ្ជាក់ពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ដុំឥដ្ឋមួយ ត្រូវបានសំដៅមកស្ថានទូត ក្នុងទីក្រុងប៉េកាំង ហើយបាននិយាយបន្ថែមពីលើសេចក្ដីអំពាវនាវរបស់នាយករដ្ឋមន្ត្រី លោក Fumio Kishida កាលថ្ងៃចន្ទ (ទី២៨ ខែសីហា) ទៅកាន់ប្រទេសចិន ឲ្យចាត់វិធានការសមរម្យ ដើម្បីធ្វើឲ្យស្ថានភាពស្ងប់ស្ងាត់។ ហើយលោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា៖ «នេះពិតជាគួរឲ្យសោកស្តាយ និងគួរឲ្យព្រួយបារម្ភបំផុត»។
នៅពេលត្រូវបានសួរថា តើរដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានការបែបណា ពាក់ព័ន្ធនឹងការគប់ដុំថ្មនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតប កាលពីថ្ងៃចន្ទថា ប្រទេសចិន «តែងតែការពារសុវត្ថិភាព និងសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់ជនបរទេស នៅប្រទេសចិន ដោយស្របតាមច្បាប់»។
ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា អាជីវកម្មជាច្រើន នៅក្នុងប្រទេសជប៉ុន រាប់ចាប់ពីហាងនំប៉័ង រហូតដល់កន្លែងអាងចិញ្ចឹមត្រី ត្រូវបានគេរាយការណ៍ថា ទទួលរងនូវការហៅទូរស័ព្ទបែបចម្លែកៗរាប់ពាន់ដង ដែលរួមបញ្ចូលទាំងការប្រើប្រាស់ភាសាប្រមាថ និងប្រកាន់ពូជសាសន៍ផងដែរ៕

