ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែតុលានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិថែរក្សាសន្តិភាព បានអញ្ជើញជូនដំណើរកម្លាំងអាវុធហត្ថមួកខៀវកម្ពុជាចំនួន៧៣រូប ចូលរួមបំពេញបេសកកម្មប្តូរវេន ថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ។ បើតាមវរៈសេនីយ ហេង ណារិន មេបញ្ជាការកងអាវុធហត្ថលេខ.១៨៦ បានថ្លែងថា កម្លាំងមួកខៀវអាវុធហត្ថកម្ពុជា បំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូងគឺមានភារកិច្ចរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាជនស៊ូដង់ខាងត្បូង។
វរៈសេនីយឯក ហេង ណារិន បានថ្លែងថា នៅក្នុងដំណើរបំពេញបេសកកម្មប្តូរវេនថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងចំនួន៧៣ រូបនៅពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានបង្កើនចំនួននារីរហូតដល់២៨រូប អោយចូលរួមជំរុញដំណើរការងារមួយចំនួនជាពិសេសការងាររៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកជាតិអន្តរជាតិ និងជូនប្រជាពលរដ្ឋនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
បើតាមលោកស្រី ហួរ ស្រីទូច បានថ្លែងថា មកដល់ពេលនេះ កម្ពុជា បានបញ្ជូនកម្លាំងមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងនេះ បានចំនួន៩ ហើយការបញ្ជូនចំនួន៨លើកកន្លងមកគឺពិភពលោកពុំមានរាតត្បាតមេរោគ COVID-19 នោះទេ។
លោកស្រី ហួរ ស្រីទូច ក៏ដូចកងកំលាំងមួកខៀវនារីផ្សេងៗ បានថ្លែងថា សម្រាប់ការបំពេញបេសកកម្មថែរក្សាសន្តិភាពលើកនេះ គឺយើងពុំមានការរុញនោះទេ បើទោះប្រទេសស៊ូដង់ខាងត្បូងបច្ចុប្បន្នកំពុងជួបការរាតCOVID-19 យ៉ាងណាក៏ដោយ។
បើតាមឯកឧត្តម សែម សុវណ្ណនី ថ្លែងថា ការបញ្ជូនកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះ មានស្ត្រីចំនួន ២៨នាក់ទៅបំពេញបេសកកម្មនៅក្នុងប្រទេសស៊ូដង់ខាងត្បូងនៅពេលនេះ គឺធ្វើឡើងដើម្បីបន្តការងារបេសកកម្ម ជំនួសកងអាវុធហត្ថលេខ៨៦១ ដែលបានបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះ មានស្ត្រីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕
រូបអត្ថបទ ស៊ុម សុខជា





