អាមេរិក៖ ការប្រមូលផ្ដុំគ្នាមួយរំឭកដល់ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានធ្វើឡើងនៅក្នុងទីក្រុង New York កាលពីថ្ងៃអង្គារដើម្បីរំឭកដល់ពេលវេលា ១ឆ្នាំចាប់តាំងពីការស្លាប់របស់គេ។

ក្រុមអ្នកតវ៉ារាប់រយនាក់បានស្រែកស្រុះៗគ្នា និងកាន់ផ្ទាំងបដាថ្កោលទោសភាពសាហាវព្រៃផ្សៃរបស់នគរបាល ខណៈពួកគេបានស្ដាប់សុន្ទរកថា ដែលទាមទារឲ្យធ្វើកំណែទម្រង់នគរបាល និងទំនួលខុសត្រូវនៅទូទាំងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងទីក្រុងមីនីអែបប៉ូលីស អតីតមន្ត្រីនគរបាលស្បែកស លោក ដេរីក ឆូវីន បានយកជង្គង់សង្កត់លើករបស់ Floyd រយៈពេល ៩នាទី និង ២៩វិនាទី ទាំងដែលបុរសស្បែខ្មៅរូបនោះបានស្រែកឲ្យគេជួយ និងដកដង្ហើមមិនរួច។ ចំណែកនៅទីក្រុង Los Angeles ឯណោះវិញ មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវមួយ កាលពីព្រឹកថ្ងៃអង្គារដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់លោក George Floyd ក៏ដូចជាប្រមូលផ្ដុំទាមទារកយុត្តិធម៌ ចំពោះការរើងអើងជាតិសាសន៍។

នៅថ្ងៃជាមួយគ្នានោះដែរ ក្រុមគ្រួសាររបស់ George Floyd បានទៅកាន់ទីលាន Black Lives Matter Plaza ក្នុងទីក្រុង Washington, D.C.ជាទីដែលពួកគេត្រូវបានសម្ភាសន៍អំពីយុត្តិធម៌ចំពោះការស្លាប់របស់ George Floyd ប្រព្រឹត្តឡើងដោយនគរបាល។ ការធ្វើដំណើរទៅកាន់ទីនោះ កើតឡើងបន្ទាប់ពីបានជួបជាមួយលោក ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris និងតំណាងរាស្ត្រព្រឹទ្ធសភាសំខាន់ៗនៅវិមានកាពីតូល៕
អត្ថបទ៖ សុខមាន