ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តមឯកអប្សរាជទូតនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងថ្មីចំនួន ៧រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ឯកអគ្គរាជទូតតែងតាំងថ្មីទាំង៧រូប ដែលនឹងទៅបំពេញបេសកកម្មការទូតតំណាងឱ្យកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, សាធរណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ចក្រភពអង់គ្លេស, សាធារណរដ្ឋសំប៊ី សាធារណរដ្ឋតួកគី សាធារណរដ្ឋឥណ្ឌូនេស៊ី និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ បន្ទាប់ពីទទួលបាននូវការយល់ព្រម (Aartment) ពីប្រមុខរដ្ឋរដ្ឋាភិបាលនៃរដ្ឋម្ចាស់ផ្ទះ។
ឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើដល់ឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបម្រើដល់ដល់ប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានភាពនៃប្រទេសយើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំដល់ឯកអគ្គរាជទូតទាំងអស់ត្រូវយកចិត្តទុកដាក់ជំរុញកិច្ចការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការទូតសិល្បៈ ដែលជាវិស័យអាទិភាពចម្បងនៃការងារការបរទេសក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌កម្ពុជាដ៏រុងរឿងដល់ពិភពលោក ព្រមទាំងពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសនានាផងដែរ។
លើសពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងខិតខំធ្វើយ៉ាងណានឹងជួយស្ទះស្វែងផ្តល់លទ្ធភាពដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។
ជាការឆ្លើយតប ឯកឧត្តម លុយ ជាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាតំណាងឯកឧត្តមឯកអគ្គរាជទូតទាំង៧រូប បានប្តេជ្ញាថានឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋខ្មែរឱ្យទាន់ពេលវេលានិងទទួលបានសេវាល្អ ព្រមទាំងលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និង ទាក់ទាញវិនិយោគបរទេសឱ្យបានច្រើនដើម្បីមកវិនិយោគនៅកម្ពុជា៕ ដោយ ៖ ឧត្ដម


