អាមេរិក៖ ព្យុះសង្ឃរាអ៊ីដាលីយ៉ា(Hurricane Idalia) ដែលជាព្យុះដ៏មានឥទ្ធិពលកម្រិតទី២ បានបោកបក់យ៉ាងខ្លាំងនិងឆាប់រហ័ស និងកំពុងគំរាមកំហែងពីការបំផ្លិចបំផ្លាញដ៏មហន្តរាយ នៅតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ Florida ស្របពេលដែលក្រុមមន្ត្រីទទូចឲ្យពលរដ្ឋជម្លៀសចេញពីផ្លូវព្យុះ។
ព្យុះនេះ មានកម្លាំងបោកបក់១០៥គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ និងក្រៅរង្វង់ព្យុះរបស់វា បានកំពុងវាយប្រហាររដ្ឋ Florida រយៈពេលជាច្រើនម៉ោងរួចទៅហើយ ដែលបណ្ដាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ឆ្នេរមួយចំនួន។
មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ បាននិយាយថា គេរំពឹងថាព្យុះនេះ នៅតែបន្តមានកម្លាំងក្លាយជាព្យុះសង្ឃរាដ៏មានឥទ្ធិពលមួយ មុនពេលបោះពួយទៅដល់តំបន់ឆ្នេរ ប៊ីកប៊ែន (Big Bend)របស់ រដ្ឋ Florida ជាទីដែលគេរំពឹងថាព្យុះនេះ នឹងវាយប្រហារដល់ដីគោកនៅព្រឹកថ្ងៃពុធនេះ ។
មជ្ឈមណ្ឌលនេះ បាននិយាយកាលពីដំបូងថា គេក៏បង្ហាញក្ដីរំពឹងផងដែរថា តំបន់មួយចំនួននៅឈូងសមុទ្ររបស់រដ្ឋមួយនេះ នឹងរងការគំរាមកំហែងដល់អាយុជីវិត ដោយសារកម្លាំងព្យុះខ្លាំង នៅពេលដែលខ្យល់បោកបក់ទៅកាន់តំបន់ច្រាំងមហាសមុទ្រនេះ ។
ការិយាល័យស្រុក ថេល័រ (Taylor County) បានព្រមានថា អាចនឹងមានការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ ដោយនិយាយថាប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ត្រូវបានបញ្ជាឲ្យជម្លៀសចេញ ៕

