ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា មនុស្ស ៦៦០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនសុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ចំនួន ៦២៦នាក់ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងថ្មី ៣៤នាក់ គឺជាករណីនាំចូល។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន ៩នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៩០នាក់ហើយគិតចាប់តាំងពីថ្ងៃទី១១ ខែមីនា នៅពេលដែលកម្ពុជា បានប្រកាសជាផ្លូវការពីករណីស្លាប់ជាលើកដំបូង។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ២៦ ៩៨៩នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩ នៅទូទាំងប្រទេសគិតចាប់តាំងពីពេលដែលកម្ពុជា រកឃើញករណីឆ្លងជាលើកដំបូងកាលពីចុងខែមករាឆ្នាំមុន។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ១៩ ៧៧២នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយ ក្នុងនោះ មានទាំងអ្នកជាសះស្បើយថ្មី ៧៥០នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
