កីឡាករប្រណាំងកង់អូស្រ្តាលី Kaden Groves បានប្រជែងឈ្នះដំណាក់កាលទី ៤ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅទឹកដីអេស្ប៉ាញ តែអ្នកនាំមុខគេក្នុងតារាងរួមនៅតែជាកីឡាករប៊ែលហ្ស៊ិក Remco Evenepoel ដដែល។
ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៨៣.៤ គីឡូម៉ែត្រឆ្លងពីប្រទេសអង់ដូរ៉ាចូលមកប្រទេសអេស្ប៉ាញ កីឡាកររបស់ក្រុម Alpecin-Deceuninck បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៥ នាទី ៤១ វិនាទី តាមពីក្រោយដោយកីឡាករកូឡុំប៊ី Sebastian Molano លេខ ២ និងលេខ ៣ កីឡាករប៊ែលហ្ស៊ិក Edward Theuns។
សម្រាប់ដំណាក់កាលទី ៤ នេះមិនមានការប្រែប្រួលលទ្ធផលច្រើនឡើយដោយក្រុមភាគច្រើនសុទ្ធតែប្រើពេលបញ្ចប់ទីដូចគ្នា។
ក្រោយ ៤ ដំណាក់កាលនេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel របស់ក្រុម Soudal-Qucik-Step នៅតែបន្តនាំមុខគេដដែលមានវេលាចំនេញ ៥ វិនាទីពីអ្នកលេខ ២ កីឡាករអេស្ប៉ាញ Enric Mas និងលេខ ៣ កីឡាករបារាំង Lenny Martinez យឺតជាង ១១ វិនាទី។
សម្រាប់ដំណាក់កាលទី ៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៨៥.៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ
