ប្រេស៊ីល៖ ការិយាល័យសន្តិសុខរដ្ឋបាននិយាយកាលពីថ្ងៃអង្គារ (២៩សីហា)ថា នគរបាលនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល បានសម្លាប់បុរសពីរនាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៩នាក់នៅក្នុងទីក្រុង Mata de Sao Joao ខណៈដែលជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួន។
សពមនុស្សឆេះខ្លោច៩នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ (២៨ សីហា) នៅក្នុងលំនៅឋាន២ខ្នងក្នុងទីក្រុង Mata de Sao Joao។ នគរបាលបាននិយាយថា ជនរងគ្រោះ៣នាក់ក្នុងចំនោមជនរងគ្រោះទាំងនោះជាកុមារ ហើយនគរបាលកំពុងបន្តស៊ើបអង្កេតពីមូលហេតុដែលបង្កឱ្យមានការសម្លាប់រង្គាលនេះ។
លោក Christiane Inocencia Coelho នាយនគរបាលក្រុង Mara de Sao Joao បាននិយាយថា អំពើហិង្សា និងឧក្រិដ្ឋកម្មបានកើនឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ ដែលនាំឱ្យមានឧក្រិដ្ឋកម្មបែបនេះ។
ការិយាល័យសន្តិសុខបាននិយាយថា ជនដៃដល់ត្រូវបានកងកម្លាំងសន្តិសុខ កំណត់ទីតាំងបាននៅក្នុងតំបន់ព្រៃនៃទីក្រុងនេះ ជាទីដែលពួកគេកំពុងលាក់ខ្លួន។ ការបាញ់គ្នាមួយបានផ្ទុះឡើងនៅពេលនគរបាលបានរកឃើញពួកគេ ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ជនសង្ស័យទី៤ នៅតែមិនទាន់ចាប់បាននៅឡើយ ជាមួយនឹងការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីស្វែងរក។ កាំភ្លើងខ្លី២ដើម គ្រាប់រំសេវ វិទ្យុទាក់ទង និងគ្រឿងញៀន ត្រូវបានដកហូតពីជនសង្ស័យ៕

