អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានអំពាវនាវដល់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីឯករាជ្យភាពរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ចេញទ្រព្យសម្បត្តិរបស់ទីក្រុងតេអេរ៉ង់ដែលត្រូវបានបង្កក ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបន្ទាប់មក បាននិយាយថា មូលនិធិអ៊ីរ៉ង់តែមួយគត់ដែលត្រូវបានរាំងខ្ទប់នោះ កំពុងត្រូវបានរក្សាទុកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោករ៉េស៊ី បាននិយាយនៅពេលអ្នកយកព័ត៌មានជប៉ុនសួរអំពីមូលនិធិដែលត្រូវបានបង្កកចំនួន១,៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនថា៖«ប្រទេសជប៉ុន គួរតែធ្វើសកម្មភាពដោយឯករាជ្យពីសហរដ្ឋអាមេរិក ដោយបញ្ចេញមូលនិធិដែលត្រូវបានរាំងខ្ទប់របស់យើង»។
បន្ទាប់មក លោកហាក់ដូចនិយាយផ្លាស់ប្តូរជំហររបស់ខ្លួនវិញ។
លោករ៉េស៊ី បានថ្លែងថា៖«ខ្ញុំត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ធនាគារកណ្តាលរបស់យើង បាននិយាយកាលពីដើមខែនេះថា យើងគ្រាន់តែមានមូលនិធិបង្កកដោយអយុត្តិធម៌នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទ្រព្យសម្បត្តិផ្សេងទៀតទាំងអស់នៅបរទេស គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ធនាគារកណ្តាលរបស់អ៊ីរ៉ង់»។
ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលពលរដ្ឋអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបានដោះលែងជាថ្នូរនឹងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

