រុស្ស៊ី៖ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ត្រូវបានគេបញ្ចុះនៅទីក្រុង St Petersburg ក្នុងពិធីបុណ្យសម្ងាត់មួយ កាលពីថ្ងៃអង្គារ (៣០សីហា) រយៈពេល៦ថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះឯកជនដែលមិនអាចពន្យល់បាន ដោយគេជឿថាហេតុការណ៍នោះបានធ្វើឲ្យលោក Prigozhin ស្លាប់ ។
ហើយការសម្ងាត់ជុំវិញការរៀបចំពិធីបុណ្យសពដែលបិទជិតនោះ មានន័យថា មិនអាចមានការបង្ហាញទ្រង់ទ្រាយធំនៃការគាំទ្រសម្រាប់អ្នកធ្វើការបះបោររយៈពេលខ្លីដ៏ធំកាលពីខែមិថុនា ដែលជាការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះទេ។
យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន មិនបានចូលរួមក្នុងពិធីនោះទេ។ ក្រុមអាជ្ញាធររុស្ស៊ីមិនបាននិយាយថា ហេតុអ្វីបានជាយន្តហោះធ្លាក់នោះទេ ហើយវិមានក្រឹមឡាំងបានច្រានចោលការរំពឹងទុកដែលថា លោកពូទីនបានបញ្ជាឱ្យសម្លាប់លោក Prigozhin ជុំវិញការបះបោរនេះថាជា «រឿងកុហកទាំងស្រុង»។
អ្នកភូមិដែលរស់នៅក្បែរកន្លែងធ្លាក់យន្តហោះនោះ បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា នៅពេលនោះថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង មុនពេលឃើញយន្តហោះធ្លាក់។ ជាមួយគ្នានេះដែរ សេតវិមានរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ (២៩សីហា) បាននិយាយថា វិមានក្រឹមឡាំង របស់រុស្ស៊ី អាចជាអ្នកទទួលខុសត្រូវក្នុងការស្លាប់របស់លោក Prigozhin នេះ។ យន្តហោះឯកជន ដែលបានធ្លាក់នោះមានកំណត់ត្រាសុវត្ថិភាពល្អ ហើយមានឧបទ្ទវហេតុតែម្ដងគត់ក្នុងរយៈពេល២០ឆ្នាំនៃការហោះហើរ ដែលមិនទាក់ទងនឹងបញ្ហាមេកានិចនោះទេ៕

