បាល់ទាត់៖ ក្លិបអង់គ្លេស Wolverhampton Wanderers ត្រូវបានគេដឹងថា កំពុងព្យាយាមទាក់ទងអតីតអ្នកចាត់ការក្លិបព័រទុយហ្កាល់ Benfica លោក Bruno Lage ដើម្បីមកដឹកនាំក្រុមបន្តពីលោក Nuno Espirito Santo។
ប្រភពព័ត៌មាននៅអង់គ្លេសមួយបានចុះផ្សាយថា បុរសវ័យ ៤៥ឆ្នាំ Bruno Lage នឹងខិតជិតដល់កិច្ចព្រមព្រៀងហើយក្នុងការមកដឹកនាំក្លិបនៅ Premier League មួយនេះ បន្ទាប់ពីគេឃើញលោក Lage បានហោះមកកាន់ទឹកដីអង់គ្លេសជួបជាមួយប្រធានក្លិប Wolves លោក Jeff Shi។ លោក Bruno Lage បានចាកចេញពី Benfica កាលពីខែមិថុនាឆ្នាំមុនក្រោយដឹកនាំបានតែ ១៨ខែ និងឈ្នះជើងឯកលីគកំពូលព័រទុយហ្កាល។ រីឯលោក Bruno Lage កន្លងមកក៏ធ្លាប់មានបទពិសោធន៍នៅទឹកដីអង់គ្លេសដែរ តែត្រឹមជាជំនួយការគ្រូបង្វឹកលោក Carlos Carvalho នៅ Sheffield Wednesday និង Swansea City។
ចំណែកលោក Nuno Espirito Santo ដែលបានចាកចេញពី Wolves ក្រោយចប់រដូវកាលថ្មីៗនេះគឺជាអ្នកដែលបានកាច់ចង្កូត Wolves ឡើងមកកាន់ English Premier League នៅឆ្នាំ២០១៨។ Wolverhampton Wanderers បានបញ្ចប់រដូវកាល English Premier League រដូវកាលនេះនៅចំណាត់ថ្នាក់លេខ ១៣៕
អត្ថបទ៖នាង សុភាវុធ