សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមការប្រកួតអន្ដរជាតិ Bali IPSC Open 2023 (Level3) នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់នាដើមសប្ដាហ៍នេះ ។ នេះគឺជាបេសកកម្មដំបូងរបស់ក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាប្រធានសហព័ន្ធថ្មី ។
តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ព្រឹត្តិការណ៍អន្ដរជាតិនេះ មានកីឡាករ-កីឡាការិនី ៣៩០នាក់ មកពី ១២ប្រទេសចូលរួម ដូចជាអូស្ដ្រាលី កាណាដា ហុងកុង ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក កម្ពុជា និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលធ្វើការប្រកួតលើ ១៨វិញ្ញាសា ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជាចំនួន ១២នាក់ផងដែរ ដើម្បីពង្រឹង និងដុសខាត់សមត្ថភាពឲ្យកាន់តែរីកចម្រើន ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានថ្មី ឯកឧត្តម សុខ ពុទ្ធិវុធ បានដាក់នូវគោលដៅចម្បង គឺត្រូវបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករគ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញ ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិនានា៕ អត្ថបទ៖ លី ឈុនឡា








