ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វីនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារថាភ្លើងខៀវដែលផ្តល់ដល់ប្រទេសជប៉ុនដោយប្រទេសមួយចំនួន ចេញពីហេតុផលនយោបាយ មិនមែនមានន័យថា ប្រទេសជប៉ុនអាចដំណើរការដោយគ្មានឧបសគ្គចំពោះវិធីរបស់ខ្លួនក្នុងការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនោះទេ។
លោកWangធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រទេសជប៉ុនដែលថាសហរដ្ឋអាមេរិកគាំទ្រការបង្ហូរសំណល់ទឹកមានសារធាតុវិទ្យុកម្មរបស់ខ្លួនចូលទៅមហាសមុទ្រដែលខ្លួននិយាយថាជា"សំឡេងរបស់សហគមន៍អន្តរជាតិ" ។
លោក Wang និយាយថាមានប្រទេសជិត ២០០ នៅលើពិភពលោក។ យើងមើលមិនឃើញថាតើ ជប៉ុនអាចដាក់ឈ្មោះប្រទេសណាក្រៅពីសហរដ្ឋអាមេរិកដែលគាំទ្រជាសាធារណៈចំពោះការបង្ហូរចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែររបស់ជប៉ុននោះទេ។ រដ្ឋាភិបាលជប៉ុនមិនគួរមើលរំលងចំពោះបញ្ហានេះឡើយ។ នៅតែបោកបញ្ឆោតខ្លួនឯង។
លោកWang សង្កត់ធ្ងន់ថា ប្រទេសមួយចំនួនកំពុងគាំទ្រដល់ចលនាអាត្មានិយមរបស់ជប៉ុន ចេញពីហេតុផលនយោបាយ ហើយទង្វើរបស់ជប៉ុនបានឆ្លុះបញ្ចាំងឲ្យឃើញថា ខ្លួនបានដាក់អំណាច និងផលប្រយោជន៍អាត្មានិយមរបស់ខ្លួន លើសពីផលប្រយោជន៍ទូលំទូលាយរបស់សហគមន៍អន្តរជាតិ។
កាលពីឆ្នាំ ២០១១ ស្នូលនៃម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ិឈិ ( Fukushima Daiichi) ក្នុងប្រទេសជប៉ុនបានរលាយបន្ទាប់ពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ។ រហូតមកដល់ពេលនេះ ទឹកសំណល់នុយក្លេអ៊ែរចំនួន ១,៣ លានតោនត្រូវបានផ្ទុកនៅក្នុងរោងចក្រនេះ រួមទាំងទឹកផ្ដល់សីតុកម្មម៉ាស៊ីនរ៉េអាក់ទ័រ ទឹកក្រោមដី និងទឹកភ្លៀង ហើយបរិមាណទឹកនៅតែកើនឡើង៕

