អ្នកចាំទីក្រុមបិសាចក្រហម Manchester United, Andre Onana ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកាមេរូនឡើងវិញ សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកទ្វីបអាហ្វ្រិក។
ការប្រកាសកោះហៅ Onana ធ្វើឡើង ៩ ខែបន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់កាមេរូនដាក់ពិន័យអំឡុងពេល World Cup 2022 នៅកាតាឆ្នាំមុន។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះទើបផ្លាស់មកកាន់ Manchester United ពី Inter Milan កាលពីខែកក្កដា ដើម្បីមកជំនួសតំណែងជម្រើសដំបូងអ្នកចាំទីអេស្ប៉ាញ David de Gea ដែលទើបចាកចេញក្រោយចំណាយពេល ១២ ឆ្នាំនៅ Old Trafford។

អំឡុង World Cup 2022, Andre Onana មានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹកកាមេរូន Rigobert Song និងបានដកខ្លួនពីក្រុមជម្រើសជាតិហោះហើរមកកាន់កាមេរូនមុន។
Onana ក្រោយមកក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយសហព័ន្ធបាល់ទាត់ប្រកាសដាក់ពិន័យ។
កាមេរូនស្ថិតក្នុងពូល C នៃវគ្គជម្រុះកំពុងឈរលេខ ២ ក្នុងពូលក្រោយលេងបាន ៣ ប្រកួតរកបាន ៤ ពិន្ទុនៅពីក្រោមណាមីប៊ី ១ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

