ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ហើយ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ នៅប្រទេសអារ៉ាប៊ីសាអូឌី នាខែកញ្ញាខាងមុខ ។
ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Koji Gyotoku បន្ទាប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ជាប់ភារកិច្ចដឹកនាំក្រុមធំ នៃក្រុមគោព្រៃ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវហុងកុង និងក្រុមភ្ញៀវម៉ាកាវ នាថ្ងៃទី៧ និងថ្ងៃទី១១ ខែកញ្ញាផងដែរ ។
ចំពោះសមាជិកក្រុមជម្រើសជាតិ U23 កម្ពុជា ដែលបានចូលរួមហ្វឹកហាត់ត្រៀមការប្រកួតជម្រុះជើងឯកយុវជនអាស៊ីនេះ គឺមានកីឡាព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, អង្គរថាយហ្គឺរ ៣នាក់, វិសាខា ៥នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ភ្នំពេញក្រោនម្នាក់, គិរីវង់សុខសែនជ័យម្នាក់, ISI ដង្កោសែនជ័យម្នាក់ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ ។
សូមបញ្ជាក់ថា ការប្រកួតជម្រុះ AFC U-23 Asian Cup 2024 គ្រោងធ្វើឡើងពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញាខាងមុខ ដោយក្រុម U23 កម្ពុជា ស្ថិតក្នុងពូលJ ជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី ។ ចំពោះកម្មវិធីប្រកួត បើកឆាក កម្ពុជា ត្រូវជួបលីបង់មុនគេ នាថ្ងៃទី០៦ ខែកញ្ញា មុនបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕ អត្ថបទ លីឈុនឡា


