អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក លន់ សុផាត បានជុំរុញឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត ឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីនគរបាលយុត្តិធម៌, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក លន់ សុផាត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានជាដើម។
លោកឧត្តមសេនីយ៍ បន្ថែមទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញាការពារសន្តិភាព ឯករាជ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបាននោះឡើយ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏បានណែនាំដល់កងកម្លាំងទាំងអស់បន្តគាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោកឧត្តមសេនីយ៍ក៏បានក្រើនរំលឹកកងកម្លាំងទាំងអស់ត្រូវចេះវិភាគរាល់ព្រឹត្តិការណ៍ផ្សេង និងព័ត៌មានដែលបានផ្សព្វផ្សាយ ហើយត្រូវចេះពិចារណាព័ត៌មានណាដែលជាព័ត៌មានពិត និងព័ត៌មានណាដែលប្រឌិតឡើង ដោយក្រុមជ្រុលនិយមក្រៅច្បាប់ផងដែរ។
សូមបញ្ជាក់ថា បើតាមឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមសរុបចំនួន ៣១០នាក់ ក្នុងនោះរួមមានវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ មានសិក្ខាកាមសរុបចំនួន ១៥០នាក់ (ស្រី០២នាក់) ដែលមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម រួមទាំងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋានសរុប ចំនួន៤៩៕ អត្ថបទ៖បាន ចក់







