ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានផែនការស្វះស្វែងពន្យល់ជាអន្តរជាតិអំពីការបញ្ចេញទឹកដែលត្រូវបានពង្រាវនិងធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍ក្រោយ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលមានការជំទាស់ពីប្រទេសចិនក្នុងការបញ្ចេញទឹកសំណល់នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែសីហា។លោក Kishida ត្រូវបានកំណត់ពេលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសឥណ្ឌា អំឡុងដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។ លោកនឹងចូលរួមកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន និងប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង២០។
លោកនាយករដ្ឋមន្ត្រី មានផែនការឆ្លៀតឱកាសដើម្បីស្វែងរកការយល់ដឹងពីអន្តរជាតិ។ បញ្ហានេះបានកើតមានឡើងខណៈប្រទេសចិនបន្តបង្កើនការរិះគន់របស់ខ្លួនលើប្រទេសជប៉ុន។ ប្រទេសចិន បានផ្អាកការនាំចូលទាំងអស់នូវអាហារសមុទ្ររបស់ជប៉ុនបន្ទាប់ពីការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima បានចាប់ផ្តើម។ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទទួលរងការបំផ្លាញ៣ដងដោយរញ្ជួយដី និងរយៈរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។
លោក Kishida មានផែនការពន្យល់ថា ការបញ្ចេញទឹកសំណល់បង្ហាញពីគ្មានហានីភ័យចំពោះសុវត្ថិភាព ខណៈស្តង់ដាវិទ្យាសាស្ត្រកំពុងត្រូវបានបំពេញ។ លោកក៏មានបំណងបញ្ជាក់ច្បាស់ថា ប្រទេសជប៉ុន នឹងបន្តផ្តល់ព័ត៌មានស្តីពីបញ្ហានេះក្នុងលក្ខណៈតម្លាភាពខ្ពស់។
មន្ត្រីជប៉ុនម្នាក់និយាយថារដ្ឋាភិបាល មានបំណងឆ្លៀតឱកាសបង្ហាញដល់បណ្តាប្រទេសដ៏ទៃទៀតថា ការសម្រេចចិត្តរបស់ប្រទេសចិនដើម្បីដាក់បម្រាមទាំងស្រុងលើការនាំចូលអាហារសមុទ្រជប៉ុន គឺពុំមានមូលដ្ឋានផ្អែកលើភស្តុតាងវិទ្យាសាស្ត្រឡើយ៕

