ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសា្ថនទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែសីហានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសទាំងពីរ ដែលបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលវត្តុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយអ្នកធ្វើសមុច្ច័យ ជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វត្តុសិល្បៈច្រើនរាប់មិនអស់ រួមមាន៖ វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អ ស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទកុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុសិល្បៈអន្តរជាតិ វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បតិ្តវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទិ្ធរវាងភាគីពាក់ព័ន្ធសំខាន់ៗ។ ដោយផ្អែកលើទីផ្សារលក់វត្ថុសិល្បៈនៅសហរដ្ឋអាមេរិក កិច្ចសហប្រតិបតិ្តការវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ក្នុងការប្រឆាំង និងការជួញដូរវត្ថុបុរាណខុសច្បាប់។
ជាមួយគ្នានោះដែរ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបន្ត MOU រយៈពេល៥ឆ្នាំទៀតនេះ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ទាក់ទងនិង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា»។
ការបន្ត MOU នេះនឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យាសម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយឲ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ជាចុងក្រោយឯកឧត្តម W. Patrick Murphy បានប្រកាសផងដែរនូវជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង៕អត្ថបទ រដ្ឋា












