សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ឥឡូវនេះ គ្រោះរាំងស្ងួតដែលគំរាមកំហែងដល់ការប្រមូលផលស្រូវនៅរដូវក្តៅរបស់ប្រទេស អាចធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ។

សេដ្ឋកិច្ចប្រទេសកោះមួយនេះ កំពុងព្យាយាមងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ថវិកាសង្គ្រោះចំនួន២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួយឱ្យប្រទេសនេះមានស្ថិរភាពបន្តិចម្តងៗ ចាប់តាំងពីខែមីនា មក។
ប៉ុន្តែមុនពេលដែលវិស័យកសិកម្មរបស់ប្រទេសអាចងើបឡើងវិញពីការឡើងថ្លៃនៃតម្លៃទំនិញបាន ប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតមួយទៀត។ ភ្លៀងមូសុងនិរតីដែលកសិករពឹងផ្អែកលើការប្រមូលផលរដូវក្តៅ មានសន្ទុះខ្សោយនៅឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុអ៊ែល នីញ៉ូ។
អ្នកព្យាករណ៍ព្យាករណ៍ថានឹងមិនមានភ្លៀងធ្លាក់ទេ រហូតដល់ខែតុលា។ ក្រុមអាជ្ញាធរប៉ាន់ប្រមាណថា ការបាត់បង់ស្រូវអាចមានទំហំដល់ទៅ៧៥.០០០ហិចតានៅទូទាំងប្រទេសស្រីលង្កា។ រហូតមកដល់ពេលនេះ តម្លៃអង្ករភាគច្រើននៅតែថ្លៃមិនប្រែប្រួលនៅក្នុងហាងលក់រាយ។
ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ពួកគេមានការព្រួយបារម្ភ ប្រសិនបើប្រទេសនេះមិនទទួលបានភ្លៀងដែលត្រូវការនៅខែមីនាខាងមុខនេះទេ ប្រទេសនេះនឹងនៅសល់ស្តុកបម្រុងតិចតួចប៉ុណ្ណោះ។
ហើយបន្ទាប់មកស្រីលង្កា នឹងត្រូវងាកទៅរកការនាំចូលដ៏ធំ និងមានតម្លៃថ្លៃ។ នោះនឹងបន្ថែមពីលើការលំបាកដែលជួបប្រទះ នៅក្នុងប្រទេសមានប្រជាជនចំនួន២២លាននាក់ ដែលសេដ្ឋកិច្ចកំពុងជួបការលំបាកមួយនេះ ដោយសារអង្ករគឺជាដ៏អាហារសំខាន់៕
