សេវាការពារស៊ីវិលទុយនីស៊ីបាននិយាយកាលពីថ្ងៃចន្ទ (២៨សីហា)ថា ចំហេះព្រៃចំនួន១០ករណីបានផ្ទុះឡើងនៅក្នុងខេត្តចំនួន៥ នៅប្រទេសទុយនីស៊ីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចំនួន១១គ្រួសារ។

ស្ថានីយ៍វិទ្យុក្នុងស្រុក Mosaique FM បានដកស្រង់សម្តីអ្នកនាំពាក្យការពារជនស៊ីវិលឈ្មោះ Moez Triaa ដោយលោកបាននិយាយថា «ចំហេះព្រៃទាំងនេះបានផ្ទុះឡើងនៅក្នុងខេត្ត Jendouba និងខេត្ត Beja នៅភាគពាយ័ព្យ ប្រទេសទុយនេស៊ី»។
លោក Triaa បាននិយាយថា អង្គភាពការពារជនស៊ីវិលបានចូលរួមយ៉ាងសកម្មដើម្បីទប់ស្កាត់ចំហេះយ៉ាងឆាប់រហ័ស និងការពារតំបន់ដែលមានប្រជាជនរស់នៅ ហើយទំហំនៃការខូចខាតនៅតែត្រូវការវាយតម្លៃ។
នៅក្នុងខេត្ត Jendouba ចំហេះបានរាលដាលយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញព្រៃឈើមួយផ្នែកធំ។ មន្ត្រីទុយនីស៊ីបាននិយាយបន្ថែមថា ចំហេះទាំងនេះបានគំរាមកំហែងដល់តំបន់លំនៅឋាន ដោយបានជំរុញឱ្យមនុស្សចំនួន១១គ្រួសារត្រូវជម្លៀសចេញផងដែរ។
ចំហេះនេះទំនងជាបណ្តាលមកពីអាកាសធាតុក្តៅ និងស្ងួត ដែលបានគ្របដណ្តប់ពាសពេញប្រទេសទុយនេស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពបានឡើងដល់កម្រិត៥០អង្សាសេ នៅតំបន់ខ្លះនៃប្រទេសនេះផងដែរ៕
