កាលពីថ្ងៃអង្គារ (២៩សីហា) គណបក្សប្រឆាំងដ៏ធំរបស់ប្រទេសហ្ស៊ីមបាបវ៉េ បានអំពាវនាវឱ្យការបោះឆ្នោតសកលកាលពីសប្តាហ៍មុនដំណើរការឡើងវិញ ដោយនិយាយថាការបោះឆ្នោតនោះត្រូវបានអនុវត្តន៍ដំណើរមិនពេញលេញ ហើយអំពាវនាវឱ្យបណ្ដាប្រទេសអាហ្វ្រិកផ្សេងទៀតជួយសម្របសម្រួលក្នុងភាពជាប់គាំងជាមួយគណបក្សកាន់អំណាចផងដែរ។

ប៉ុន្តែគណបក្សសម្ព័ន្ធពលរដ្ឋដើម្បីការផ្លាស់ប្តូរ (CCC) មួយនេះ មិនបាននិយាយពីមធ្យោបាយដែលខ្លួនស្វះស្វែងបង្ខំឱ្យរៀបចំការបោះឆ្នោតឡើងវិញនោះទេ ដោយបដិសេធមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើខ្លួននឹងប្តឹងទៅតុលាការដើម្បីព្យាយាមលុបចោលលទ្ធផលដែលមានជម្លោះនោះ ឬយ៉ាងណាទេ។
លោកប្រធានាធិបតី Emmerson Mnangagwa នៃគណបក្សកាន់អំណាច ZANU-PF ត្រូវបានប្រកាសថា ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតសកលកាលពីល្ងាចថ្ងៃសៅរ៍ (២៦សីហា)។ គណបក្ស ZANU-PF បដិសេធថា ខ្លួនមិនបានព្យាយាមប្រើឥទ្ធិពលលើលទ្ធផលឆ្នោតនោះទេ ហើយលោក Mnangagwa បានជំរុញអ្នកដែលមានពាក្យបណ្តឹងអំពីលទ្ធផលនេះ ឱ្យចូលទៅកាន់តុលាការ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា លោក Mnangagwa ទទួលបានប្រហែល៥៣% នៃសម្លេងឆ្នោតទល់នឹង៤៤% សម្រាប់លោក Nelson Chamisa នៃគណបក្ស CCC ។ ប៉ុន្តែក្រុមអ្នកវិភាគនយោបាយបានចោទសួរអំពីភាពជឿជាក់នៃលទ្ធផលទាំងនោះ៕
