ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅសន្និសីទរបស់ក្រុមហ៊ុន Google ទាក់ទងនឹងសេវាផ្ទុកទិន្នន័យឈ្មោះថា Google Cloud Next នៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៩ សីហា) ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចសន្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ជាមួយរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការផ្តល់សេវាផ្ទុកទិន្នន័យសម្រាប់វិស័យសាធារណៈ និងយោធារបស់ប្រទេស។

ក្រុមបាតុករទាំងនោះគឺជាផ្នែកមួយនៃយុទ្ធនាការ «គ្មានបច្ចេកវិទ្យាសម្រាប់ប្រទេសមានគោលនយោបាយរើសអើង» ដែលជាសម្ព័ន្ធបុគ្គិលបច្ចុប្បន្ននិងអតីតរបស់ក្រុមហ៊ុន Google ក៏ដូចជាសមាជិកសហគមន៍ និងសកម្មជនដទៃទៀតផងដែរ។ មនុស្សប្រមាណ១០០នាក់បានចូលរួមការតវ៉ានេះ ហើយគេមិនដឹងថា តើមានបុគ្គលិកបច្ចុប្បន្នរបស់ក្រុមហ៊ុន Google ប៉ុន្មាននាក់ចូលរួមក្នុងការតវ៉ានេះនោះទេ។
ដំណាក់កាលទាំងបួននៃគម្រោងបច្ចេកវិទ្យានោះរួមមាន ការទិញ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យ ការបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់ការផ្លាស់ប្ដូរទៅកាន់ការផ្ទុកទិន្នន័យ ការធ្វើសមាហរណកម្ម និងការធ្វើបញ្ជូនទិន្នន័យ ព្រមទាំងការគ្រប់គ្រង និងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពសេវាផ្ទុកទិន្នន័យផងដែរ។
ក្រុមអ្នកតវ៉ាបាននិយាយថា បច្ចេកវិទ្យាផ្ទុកទិន្នន័យដែលបង្កើតឡើងដោយក្រុមហ៊ុន Google កំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន រួមទាំងសម្រាប់ការឃ្លាំមើល និងការបំបែកជាតិសាសន៍ផងដែរ។ ក្រុមហ៊ុន Google មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕
