កីឡាករវាយកូនបាល់ស៊ែប Novak Djokovic នឹងឡើងមកឈរតំណែងលេខ ១ ពិភពលោកទំលាក់ Carlos Alcaraz ទៅលេខ ២ វិញក្រោយជ័យជំនះជុំដំបូងនៅ Grand Slam, US Open ម្សិលមិញលើកីឡាករបារាំង Alexandre Muller។
Djokovic ដែលចាញ់ Alcaraz នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon នោះ បានយកឈ្នះដោយលទ្ធផល ៦-០ ៦-២ និង ៦-៣។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះខកខានមិនបានចូលរួមប្រកួត US Open នេះកាលពីឆ្នាំមុនដោយសារបញ្ហាវ៉ាក់សាំង Covid-19 ខណៈការវិលត្រលប់មកវិញលើកនេះ ក្នុងក្តីសង្ឃឹមតាមស្មើកំណត់ត្រាឈ្នះជើងឯក Grand Slam សរុប ២៤ លើករបស់កីឡាការិនីអូស្រ្តាលី Margaret Court។

ងាកមកលទ្ធផលគូបុរសផ្សេងទៀត កីឡាកររុស្ស៊ី Daniil Medvedev ត្រូវការពេលត្រឹម ៧៤ នាទី ដើម្បីបន្តដំណើរទៅជុំទី ២ បន្តទៀតក្រោយយកឈ្នះកីឡាករហុងគ្រី Attilas Balazs ៦-១ ៦-១ និង ៦-០។
ជុំបន្ត Daniil Medvedev នឹងត្រូវជួប Christopher O’Connell ដើម្បីរកកៅអីវគ្គ ៣២ នាក់ចុងក្រោយ។
ចំណែកឯអតីតកីឡាករលំដាប់លេខ ១ ពិភពលោក Andy Murray ក៏បានឆ្លងផុតជុំដំបូងរបស់ខ្លួនផងដែរក្រោយយកឈ្នះកីឡាករបារាំង Corentin Moutet ៦-២ ៧-៥ និង ៦-៣៕ អត្ថបទ៖នាង សុភាវុធ
