កីឡាការិនីវាយកូនបាល់ទុយនេស៊ី Ons Jabeur ឱ្យដឹងថា នាងបានពិចារណាបោះបង់ការប្រកួតដោយសារពិបាកដកដង្ហើម មុនផ្លាស់ប្តូរចិត្ត និងយកឈ្នះការប្រកួតជុំដំបូង US Open ថ្ងៃអង្គារម្សិលមិញ។
កីឡាការិនីលំដាប់លេខ ៥ រូបនេះបានសុំអនុញ្ញាតសម្រាកនៅសិតដំបូងដោយសារឡើងសំពាធឈាម មុនពេលយកឈ្នះកីឡាការិនីកូឡុំប៊ី Camila Osorio ទាំងលំបាក ៧-៥ ៧-៦(៧-៤)។
កីឡាការិនីវ័យ ២៩ ឆ្នាំរូបនេះ បានឱ្យដឹងក្រោយការប្រកួតថា នាងមានជំងឺផ្តាសាយបន្តិចបន្តួចមុនការប្រកួតចាប់ផ្តើម។

ងាកមកលទ្ធផលគូផ្សេងទៀត កីឡាការិនីបារាំង Caroline Garcia បានធ្លាក់ចេញពីការប្រកួតត្រឹមជុំទី១ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាការិនីចិន Wang Yafan ៦-៤ និង ៦-១។
Caroline Garcia ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នេះឆ្នាំមុន តែបែជាពិបាកខ្លាំងនៅពេលជួបកីឡាការិនីចិនលំដាប់លេខ ១១៤ រូបនេះ។
ចំណែកឯកីឡាការិនីលំដាប់លេខ ៣ Jessica Pegula មិនមានបញ្ហាឡើយ សុទ្ធតែឆ្លងផុតជុំដំបូងរួមជាមួយកីឡាការិនី Marketa Vondrousova កីឡាការិនីអ៊ុយក្រែន Elina Svitolina និងម្ចាស់ផ្ទះអាមេរិក Madison Keys៕ អត្ថបទ៖នាង សុភាវុធ
