ទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌាបាននិយាយថា យានស្រាវជ្រាវព្រះចន្ទរបស់ប្រទេសឥណ្ឌា បានបញ្ជាក់ពីវត្តមានរបស់សារធាតុស្ពាន់ធ័រ នៅលើប៉ូលខាងត្បូងរបស់ព្រះចន្ទ។ កាលពីសប្តាហ៍មុន ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេដែលបានចុះចតយាននៅជិតប៉ូលខាងត្បូងដែលមិនទាន់បានរុករក ហើយជាប្រទេសទី៤ដែលបានចុះចតនៅលើឋានព្រះចន្ទ។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃច័ន្ទ (២៨ សីហា) ថា «ឧបករណ៍រុករក(LIBS) នៅលើយានរុករករបស់ចន្ត្រាយាម-៣ (Chandrayaan-3) បានធ្វើការវាស់វែងនៅក្នុងទីតាំងដំបូងគេ ហើយបញ្ជាក់ពីវត្តមានរបស់សារធាតុស្ពាន់ធ័រ នៅក្នុងតំបន់ដោយមិនច្បាស់លាស់ ជាអ្វីដែលមិនអាចធ្វើទៅរួចដោយឧបករណ៍នៅលើគន្លងគោចរ»។
ការវិភាគវិសាលគម ក៏បានបញ្ជាក់ពីវត្តមានរបស់សារធាតុអាលុយមីញ៉ូម កាល់ស្យូម ដែក ក្រូមីញ៉ូម និងទីតាញ៉ូម នៅលើផ្ទៃព្រះចន្ទ ផងដែរ ដោយអង្គការ ISRO បានបន្ថែមថា ជាមួយនឹងការវាស់វែងបន្ថែមបានបង្ហាញពីវត្តមានសារធាតុម៉ង់ហ្គាណែស ស៊ីលីកូន និងអុកស៊ីហ្សែន។
កាលពីឆ្នាំ២០១៤ ឥណ្ឌាបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលដាក់យានចូលទៅក្នុងគន្លងជុំវិញភពព្រះអង្គារ ហើយគ្រោងនឹងបញ្ជូនយានអង្កេតឆ្ពោះទៅកាន់ព្រះអាទិត្យក្នុងខែកញ្ញា ខាងមុខនេះផងដែរ៕
