ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើសុំឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋរបស់ខ្លួនបញ្ឈប់សកម្មភាពរំខាន រួមមានការហៅទូរស័ព្ទពុំទំនង និងការគប់ដុំថ្មទៅលើអគារការទូតនិងសាលារៀនជប៉ុន ក្នុងការឆ្លើយតបទៅនឹងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ។ លោក Kishida និយាយថា «ខ្ញុំត្រូតែនិយាយថា «វាជារឿងគួឲ្យសោកស្តាយ»។
លោក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសលោក Masataka Okano បានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Wu Jianghao ដើម្បីស្នើសុំថា ពលរដ្ឋចិនគួធ្វើសកម្មភាពស្ងប់ស្ងាត់ និងទទួលខុសត្រូវ។
ការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តជាច្រើនទសវត្សរ៍ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រុមអ្នកនេសាទ និងបណ្តាប្រទេសជិតខាង។
ប្រទេសចិន បានដាក់បម្រាមភ្លាមៗលើការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ជាការឆ្លើយតប។
នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សរាប់ពាន់នាក់ បានចូលរួមប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីថ្កោលទោសការបញ្ចេញទឹកសំណល់នេះ។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសជប៉ុន NHK បាននិយាយថាការហៅទូរស័ព្ទរំខានរាប់ពាន់លើកមកពីប្រទេសចិន បានដាក់គោលដៅលើការិយាល័យរដ្ឋាភិបាលខេត្ត Fukushima និងប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយនេះនិយាយថាអ្នកហៅទូរស័ព្ទ បានស្រែកជាភាសាចិន ហើយមួយចំនួនទៀតនិយាយខ្លាំងៗថា «ល្ងង់ណាស់» និងពាក្យជេប្រមាថផ្សេងៗទៀត៕

