ចិន៖ ទូរទស្សន៍ CCTV រាយការណ៍ថា ក្រុមជួយសង្រ្គោះ បានបង្កើនកិច្ចខិតខំជម្លៀសខ្លួនមនុស្សរបស់ពួកគេនៅតំបន់ភាគខាងកើត និងតំបន់ភាគកណ្តាលប្រទេសចិន ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បង្កភាពវឹកវរ និងធ្វើឲ្យកើតមានទឹកជំនន់ដ៏គំហក់ ។
រូបភាពវីដេអូឃ្លីបពី CCTV ឃើញក្រុមឆ្លើយតបសង្រ្គោះបន្ទាន់នៅក្នុងខេត្តហ៊ូប៉ី និងខេត្តជាំងហ្ស៊ី ដើរលុកទឹកដែលមានទឹកជំនន់ខ្ពស់ ទៅកាន់ប្រជាពលរដ្ឋដែលជាប់ខ្លួន មុនពេលជម្លៀសពួកគេតាមទូកពោង ហើយនិងតាមខ្សែពួរ ។
ប្រទេសចិន ទទួលរងការភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ស្របពេលដែលមានរដូវក្តៅសើមខុសពីធម្មតា ។ កាលពីចុងខែកក្កដា ព្យុះទីហ្វុង Dokusriបណ្តាលមានភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់ដែលមានក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ក្នុងនោះទីក្រុងប៉េកាំង មានភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ១៤០ឆ្នាំ ។
រដ្ឋាភិបាលចិន បានអំពាវនាវផងដែរឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះទឹកជំនន់ ស្របពេលដែលព្យុះទីហ្វុង Saola បច្ចុប្បន្នបោកបក់ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការព្យាករណ៍ បង្ហាញវានឹងបោកបក់មកដល់ដីគោកខេត្តក្វាងទុងនៅថ្ងៃសុក្រខាងមុខនេះ ៕

