អូស្រ្តាលី៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយថា ការធ្វើប្រជាមតិជាប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញទទួលស្គាល់ជនជាតិដើមភាគតិចរបស់ប្រទេសមួយនេះ នឹងត្រូវព្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែតុលា ខាងមុខនេះ ។
ប្រជាពលរដ្ឋអូស្រ្តាលី នឹងត្រូវគេសួរឲ្យបោះឆ្នោតថាតើពួកគេគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញឬយ៉ាងណា ឲ្យរួមបញ្ចូល “សំឡេងសភា” ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាប៉ះពាល់ជនជាតិភាគតិច អាប៊័ររិចនី និងប្រជាពលរដ្ឋរស់នៅលើកោះ Torres Strait ។
ទោះបីជាយ៉ាងណាក៏ដោយ អូស្រ្តាលី គ្មានសន្ធិសញ្ញាជាមួយជនជាតិដើមភាគតិចនោះទេ ដែលមានចំនួនស្មើនឹង ៣,២ភាគរយនៃចំនួនប្រជាពលរដ្ឋជិត ២៦លាននាក់របស់ពួកគេ ហើយនិងស្ថិតនៅពីក្រោមមធ្យមភាគជាតិនៃវិធានការសេដ្ឋកិច្ចសង្គមភាគច្រើន ។
ជនជាតិភាគតិចទាំងអស់នេះ មិនត្រូវបានអះអាងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ បើទោះបីជាពួកគេបានរស់នៅលើទឹកដីអូស្រ្តាលីអស់រយៈពេលជាង ៦ម៉ឺនឆ្នាំក៏ដោយ ។
គួរឲ្យដឹងថា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញណាមួយនៅអូស្រ្តាលី ត្រូវការការធ្វើប្រជាមតិថ្នាក់ជាតិ ហើយការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនៅប្រទេសអូស្រ្តាលី ពិតជាពិបាកខ្លាំងណាស់ ។
កាលពីមុន មាននូវសំណើរចំនួន ៤៤សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ អំឡុងការធ្វើប្រជាមតិ ១៩លើក ហើយមានតែសំណើរចំនួន ៨ប៉ុណ្ណោះ នៅក្នុងចំណោមសំណើរទាំងអស់នេះ បានអនុម័ត ៕

