រុស្ស៊ី៖ ទីភ្នាក់ងារប្រេស៊ីល កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់អាជ្ញាធរស៊ើបអង្កេតយន្តហោះរបស់ប្រទេសប្រេស៊ីលថា ខ្លួននឹងមិនស៊ើបអង្កេតការធ្លាក់យន្តហោះ Embraer ផលិតនៅប្រទេសប្រេស៊ីល ដែលបានសម្លាប់មេដឹកនាំរបស់ក្រុមទាហានស៊ីឈ្នួល លោក Yevgeny Prigozhin ក្រោមច្បាប់អន្តរជាតិ នាពេលនេះនោះទេ។
សូមបញ្ជាក់ថា លោក Prigozhin អនុសេនីយ៍ឯក ២រូបនៃក្រុមទាហានស៊ីឈ្នួល Wagner របស់លោក និងអង្គរក្ស ៤នាក់ សុទ្ធតែស្ថិតនៅក្នុងចំណោមមនុស្ស ១០នាក់ ដែលបានបាត់បង់ជីវិត នៅពេលដែលយន្តហោះ Embraer Legacy 600 បានធ្លាក់នៅភាគខាងជើងទីក្រុងម៉ូស្គូ កាលពីសប្តាហ៍មុន។
មរណភាពរបស់មេដឹកនាំរូបនេះ កើតមានឡើងក្នុងរយៈពេល ២ខែ មកទល់នឹងថ្ងៃកើតហេតុនោះ ពោលគឺបន្ទាប់ពីមានការបះបោររយៈខ្លីមួយប្រឆាំងនឹងស្ថាប័នការពារជាតិរុស្ស៊ី ដែលការរំជើបរំជួលមួយវឹបនោះ បានបង្កជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ចាប់តាំងពីលោកបានឡើងកាន់អំណាច ក្នុងឆ្នាំ១៩៩៩។
ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនោះ ក្នុងគោលបំណងធ្វើឲ្យសុវត្ថិភាពអាកាសចរណ៍ប្រសើរឡើង មជ្ឈមណ្ឌលស្រាវជ្រាវ និងការពារឧបទ្ទវហេតុផ្លូវអាកាសរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា CENIPA បាននិយាយថា ខ្លួននឹងចូលរួមការស៊ើបអង្កេតដែលដឹកនាំដោយរុស្ស៊ី ប្រសិនបើមានការអញ្ជើញ ហើយការស៊ើបអង្កេតធ្វើឡើងក្រោមច្បាប់អន្តរជាតិ។
បន្ទាប់ពីមជ្ឈមណ្ឌល បានផ្ញើសារអេឡិចត្រូនិក កាលពីសប្តាហ៍មុន ដោយសួរទៅប្រទេសរុស្ស៊ីថា តើខ្លួននឹងបើកការស៊ើបអង្កេតដែរ ឬទេ នាយក CENIPA លោក Marcelo Moreno បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «អាជ្ញាធររុស្ស៊ីមិនមានកាតព្វកិច្ច ក្នុងការស៊ើបអង្កេតនោះឡើយ ដោយនេះគ្រាន់តែជាការផ្តល់អនុសាសន៍ឲ្យមានសកម្មភាពបែបនេះប៉ុណ្ណោះ»។
យ៉ាងណាក្ដី CENIPA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈសារអេឡិចត្រូនិកថា បជ្ឈមណ្ឌលទទួលបានការឆ្លើយតបពីគណៈកម្មាធិការអាកាសចរណ៍អន្តររដ្ឋ ដែលជាគណៈកម្មការស៊ើបអង្កេតឧប្ទវហេតុ (IAC) កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) ដោយអាជ្ញាធររុស្ស៊ី បានប្រាប់ថា ខ្លួននឹងមិនបើកឲ្យមានការស៊ើបអង្កេតនាពេលនេះនោះទេ តាមឧបសម្ព័ន្ធទី១៣ (Annex 13)៕


