អារ៉ាប៊ីសាអ៊ូឌីត៖ តុលាការអារ៉ាប៊ីសាអ៊ូឌីត បានកាត់ទោសប្រហារជីវិតគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ជុំវិញការរិះគន់គ្រួសារដែលកំពុងកាន់អំណាចនៅក្នុងសារទៅកាន់អ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន៩នាក់របស់គាត់។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស លោក ម៉ូហាមេដ អាល់ ហ្គាមឌី (Mohammed al-Ghamdi) មានវ័យ ៥៤ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត នៅថ្ងៃទី១០ ខែកក្កដាសម្រាប់បទល្មើសផ្សេងៗទាក់ទងនឹងសកម្មភាពរបស់គាត់នៅលើកម្មវិធីYouTube និង X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitter។ សេចក្តីសម្រេចនេះ អាចជាការកាត់ទោសប្រហារជីវិតលើកដំបូងសម្រាប់ការបង្ហោះតាមបណ្តាញសង្គម។
តាមរបាយការណ៍ ការចោទប្រកាន់ដែលត្រូវបានចោទប្រកាន់លើគ្រូបង្រៀនដែលចូលនិវត្តន៍នោះ រួមមាន«ការពិពណ៌នាអំពីព្រះមហាក្សត្រ ឬរជ្ជទាយាទ ក្នុងផ្លូវមួយដែលធ្វើប៉ះពាល់សាសនា ឬយុត្តិធម៌» «គាំទ្រមនោគមវិជ្ជាភេរវកម្ម» និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ «ដោយមានចេតនាអនុវត្តឧក្រិដ្ឋកម្មភេរវកម្ម»។
កាលពីថ្ងៃព្រហស្បតិ៍ ប្អូនប្រុសរបស់លោក ម៉ូហាមេដ គឺលោកសាអ៊ីដ ហ្គាមឌី ( Saeed al-Ghamdi) បានបង្ហោះលើ Twitter ថា ការកាត់ទោសលើបងប្រុសរបស់លោក អាចជាការប៉ុនប៉ង «បំបាក់ទឹកចិត្តខ្ញុំផ្ទាល់ បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការបញ្ជូនខ្ញុំទៅប្រទេស»។ លោកសាអ៊ីដ ជាអ្នកប្រាជ្ញឥស្លាម រស់នៅក្នុងការនិរទេសខ្លួនឯងក្នុងទីក្រុងឡុងដ៍ ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត តាមចាប់ខ្លួន៕

