អ៊ុយក្រែន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនដ៏ធំលើតំបន់ចំនួន៦ក្នុងប្រទេសរុស្ស៊ីនៅពេលយប់ថ្ងៃពុធ ដែលធ្វើ្វឲ្យវាក្លាយជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតរបស់អ៊ុយក្រែន នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល១៨ខែ។
ប្រទេសរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយយានដ្រូន ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើតំបន់ចំនួន៤នៅភាគខាងត្បូងនៃទីក្រុងមូស្គូ គឺ កាលូហ្គា ( Kaluga), រីអាហ្សាន(Ryazan) ប្រ៊ីអានស្ក៍ (Bryansk)និងអ័រយ៉ូល ( Oryol) ក៏ដូចជាតំបន់មូស្គូខ្លួនឯង និងតំបន់ប៉េស្កូវ (Pskov) នៅភាគពាយព្យនៃប្រទេស នៅជិតប្រទេសអេស្តូនី។
ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ការវាយប្រហារនៅតំបន់ប៉េស្កូវ បានបង្កការខូចខាតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងនេះ ដោយបានបំផ្លាញយន្តហោះដឹកជញ្ជូនយោធាចំនួន៤គ្រឿង។ ជើងហោះហើរទាំងអស់ទៅ និងមកពីអាកាសយានដ្ឋានសម្រាប់ថ្ងៃពុធ ត្រូវបានលុបចោល ខណៈដែលក្រុមមន្ត្រីក្នុងតំបន់វាយតម្លៃការខូចខាត៕

