នីហ្សេរីយ៉ា៖ នគរបាលនីហ្សេរីយ៉ាបានចាប់ខ្លួនមនុស្សជាង២០០នាក់នៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃចន្ទ (២៨សីហា) នៅក្នុងការចាប់ខ្លួនដ៏ធំបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលផ្តោតលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារបស់ប្រទេសនេះ។
អ្នកនាំពាក្យនគរបាលនៅរដ្ឋ Delta ភាគខាងត្បូងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ (២៩សីហា)ថា មនុស្ស៦៧នាក់នឹងត្រូវបានកាត់ទោសពីបទ «បានប្រព្រឹត្តនិងចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នា»។
ទំនាក់ទំនងផ្លូវភេទដូចគ្នា ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ បានអនុម័តការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៤ឆ្នាំសម្រាប់មនុស្សដែលត្រូវបានផ្តន្ទាទោសពីបទចូលទៅក្នុងសហជីពស៊ីវិលភេទដូចគ្នា។
នៅក្នុងការផ្សាយបន្តផ្ទាល់កាលពីថ្ងៃអង្គារ មន្ត្រីនគរបាលម្នាក់បានពណ៌នាព្រឹត្តិការណ៍នេះថាជារឿងដ៏អាក្រក់ ហើយមន្រ្តីរូបនោះបន្ថែមថា «យើងមិនអាចចម្លងតាមវប្បធម៌ពិភពលោកខាងលិចបានទេ ព្រោះយើងជានីហ្សេរីយ៉ា ហើយយើងត្រូវតែធ្វើតាមវប្បធម៌របស់ប្រទេសយើង»។
អង្គការលើកលែងទោសអន្តរជាតិនីហ្សេរីយ៉ាបានថ្កោលទោសស្ថានភាពនេះថាជា «ការព្យាយាមទម្លាក់កំហុសដ៏អាក្រក់បំផុត»។ អង្គការនេះបានអំពាវនាវឱ្យនគរបាលរដ្ឋ Delta ដោះលែងអ្នកជាប់ឃុំឃាំង ដែលត្រូវបានចាប់ខ្លួន និងបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបញ្ចប់ជាបន្ទាន់ចំពោះការចាប់ខ្លួនដោយមានគំនិតអាក្រក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter៕

