ភ្នំពេញ៖ ពលរដ្ឋអ្នកដំណើរមួយចំនួនដែលភាគច្រើន ធ្វើដំណើរដោយម៉ូតូ បានបន្តសកម្មភាពបើកបរបំពានចំណែកផ្លូវអាទិភាព (ចូលទៅម្ខាងផ្លូវផ្សេងទៀត) កំឡុងពេលដែលមានការកកស្ទះចរាចរណ៍ ធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋដទៃដែលគោរពច្បាប់ ពិសេសមានការព្រួយបារម្ភលើការកកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបានផងដែរ ។
ជាក់ស្តែង នៅតាមបណ្តោយមហាវិថីព្រះនរោត្តម គិតចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ រហូតដល់ចំណុចស្តុបចំការមន គេតែសង្គេតឃើញជាប្រចាំ គឺនៅរៀងរាល់មានការកកស្ទះម្តងៗ ពលរដ្ឋអ្នកដំណើរ តែងតែឧស្សាហ៍បើកម៉ូតូចេញពីគន្លងផ្លូវត្រឹមត្រូវរបស់ខ្លួន ហើយបើកចូលទៅគន្លងផ្លូវអាទិភាពម្ខាងទៀត ដើម្បីអាចចាកចេញពីការកកស្ទះ ។
ពលរដ្ឋអ្នកដំណើរ បានបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់អ្នកបើកបរបំពានទាំងឡាយ ដែលជាសកម្មភាពជះឥទ្ធិពលមិនល្អលើបរិយាកាសសណ្តាប់ធ្នាប់សង្គម ។ អ្នកដំណើរបន្តថា បាតុភាពនេះគឺតែងឧស្សាហ៍កកើតមានជាប្រចាំនៅវេលា រៀងរាល់ពេលព្រឹកព្រលឹមម៉ោងចន្លោះពី៦កន្លះ ដល់៨ និងនៅរៀងរាល់ពេលល្ងាចចន្លោះ ពីម៉ោង៥ ដល់ម៉ោង៦កន្លះ ។
ជុំវិញបាតុភាពនេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV អោយដឹងថា នៅតាមបណ្តោយផ្លូវខាងលើនោះ គឺមានការដាក់កម្លាំងជានិច្ចដើម្បីសម្រួលលំហូរចរាចរណ៍ ហើយចំពោះបាតុភាពបំពានផ្លូវនោះ កន្លងទៅ កម្លាំងជំនាញក៏ធ្លាប់បានចាប់ឃាត់ពលរដ្ឋអ្នកដំណើរដែលបើកបរល្មើសយកទៅធ្វើការអប់រំ ឬផាកពិន័យទៅតាមច្បាប់ផងដែរ ប៉ុន្តែបាតុភាពនេះនៅតែម្តងកើតមានទៀត ៕ អត្ថបទ ៖ លីហេង