ប៉ាគីស្ថាន ៖ មេធាវីរបស់លោកអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយថា កាលពីថ្ងៃអង្គារ (២៩ សីហា) តុលាការប៉ាគីស្ថាន បានផ្អាកការផ្តន្ទាទោសនាពេលថ្មីៗនេះរបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan លើការចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែការសម្រេចនោះមិនបាននាំឲ្យមានការដោះលែងលោកនោះទេ ដោយសារតែចៅក្រមបានបញ្ជាឲ្យមានការឃុំខ្លួនលោក Khan នៅក្នុងករណីមួយផ្សេងទៀតពីបទចោទប្រកាន់ការធ្វើឲ្យបែកធ្លាយរឿងសម្ងាត់របស់រដ្ឋនេះ។
លោក Khan ត្រូវបានជាប់ពន្ធនាគារកាលពីថ្ងៃទី៥ ខែសីហា បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល៣ឆ្នាំពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
ជាលទ្ធផលនៃការផ្តន្ទាទោស ហើយជាមួយនឹងការបោះឆ្នោតជាតិ ដែលរំពឹងទុកនៅប៉ុន្មានខែខាងមុខនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន ក៏បានហាមឃាត់លោក Khan មិនឲ្យចូលរួមការបោះឆ្នោតរយៈពេលប្រាំឆ្នាំផងដែរ។
អតីតកីឡាករវាយគ្រីឃីតវ័យ៧០ឆ្នាំរូបនេះ បានស្ថិតនៅចំណុចកណ្តាលនៃភាពចលាចលនយោបាយនៅក្នុងរដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលត្រូវរួបរឹតដោយវិបត្តិចាប់តាំងពីការបណ្តេញលោក Khan ចេញពីការបោះឆ្នោតផ្តល់ទំនុកចិត្តនៅសភាកាលពីខែមេសាឆ្នាំ២០២២មក ហើយទំនាក់ទំនងរបស់លោកជាមួយបណ្ដាឧត្តមសេនីយ៍ដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថានបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះផងដែរ៕

