
ក្រុមនគរបាលនិយាយថា សត្វតោដែលរួចពីទ្រុងក្នុងរថយន្តឯករជន អំឡុងពេលកកស្ទះចរាចរណ៍នៅទីក្រុងភាគខាងត្បូងការ៉ាឈី ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ បណ្តាលឲ្យមានភាពតក់ស្លុតអស់រយៈពេល ២ម៉ោង មុនពេលវាត្រូវបានចាប់វិញ ។
សេចក្តីថ្លែងការណ៍របស់ក្រុមនគរបាល បានឲ្យដឹងថា សត្វតោមួយក្បាលនេះ ត្រូវបានដឹកដោយម្ចាស់របស់វា ពេលដែលវារួចនៅលើផ្លូវធំនៃទីក្រុងកំពុងផែដ៏មមាញឹកមួយនេះ អំឡុងពេលកកស្ទះចរាចរណ៍ខ្លាំងបំផុត ។
សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា សត្វតោដែលរួច បានធ្វើដំណើរទៅកាន់បន្ទប់ក្រោមដីនៅអគារក្បែរនោះ ក្រោយវាដើរតាមផ្លូវមួយសន្ទុះធំ ។ តំបន់នោះ មើលឃើញការកកស្ទះចរាចរណ៍ខ្លាំង ក្នុងនោះរថយន្តសារព័ត៌មានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ដើម្បីផ្សាយឧបទ្ទេវហេតុ ហើយហ្វូងមនុស្ស បានជួបជុំគ្នាដើម្បីព្យាយាមតាមមើលសត្វតោដែលរួច ។
ក្រសួងសត្វព្រៃ និយាយថា សត្វតោមួយក្បាលនេះ ត្រូវបានបញ្ជូនទៅកាន់ទីតាំងរបស់ពួកគេ ស្របពេលដែលការរក្សាទុកសត្វតោនៅក្នុងតំបន់រស់នៅរបស់អ្នកស្រុក ត្រូមបានហាមឃាត់ ។
លោក Makhtyar Soomro គឺជាអនុរក្សសត្វព្រៃ និយាយថា ពួកយើងទទួលបានព័ត៌មានថា សត្វតោមួយក្បាល បានរួចនៅលើមហាវិថី Shahrah-e-Faisal ។ ក្រុមការងាររបស់ពួកយើង បានរួសរាន់ប្រញាប់ប្រញាល់ទៅកាន់ទីនោះភ្លាម ហើយនិងសង្រ្គោះវា ។ សំណាងណាស់ដែលពួកយើងមានសុវត្ថិភាព ហើយនិងគ្មាននរណាម្នាក់ គោះថ្នាក់នៅពេលឥឡូវនេះ ៕