ភ្នំពេញ ៖ ផ្សារបោះដុំបន្លែធំៗចំនួនពីរ ស្ថិតនៅរាជធានីភ្នំពេញ មិនទាន់ទាន់ត្រូវបានអនុញ្ញាតបើកដំណើរការឡើងវិញនៅឡើយទេ ខណៈផ្សាររដ្ឋមួយចំនួនបានបើកឡើង ដោយអនុញ្ញាតឱ្យអាជីវករផ្គត់ផ្គង់អាហារ មានបន្លែ ត្រីសាច់ លក់តែប៉ុណ្ណោះជាមួយនឹងការអនុវត្តវិធានសុខាភិបាល។ សម្រាប់អាជីវករបោះដុំបន្លែ ត្រូវបន្តលក់តាមដងផ្លូវបណ្តោះអាសន្ន ដើម្បីដោះស្រាយជីវភាព ក្នុងអំឡុងពេលបិទផ្សារទាំងពីរខាងលើ។
តាមការសាកសួរព័ត៌មានរបស់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១កន្លងទៅ ក្រុមអាជីវករ ដែលងាកមកបោះដុំបន្លែបណ្តោះអាសន្នតាមដងផ្លូវ ស្ថិតនៅក្បែររង្វង់មូលគួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគាត់បាត់បង់ចំណូលយ៉ាងច្រើន ក៏ដូចជាបាត់បង់អតិថិជនប្រមាណ៥០% ដោយពីមុននៅក្នុង១ថ្ងៃ ជាមធ្យមអាចលក់បន្លែចេញអស់ប្រមាណ ១ពាន់តោនឯណោះ នៅផ្សារដើមគរ។
អាជីវករបន្លែលក់រាយ អ្នកស្រី ម៉ៅ ឌួង មកទិញបន្លែដើម្បីយកលក់បន្តនៅខេត្តកណ្តាល បាននិយាយថា ទីតាំងលក់បន្លែបណ្តោះអាសន្ននេះ មានប្រជាពលរដ្ឋទូទៅ ចូលទៅទិញបន្លែច្រើន ធ្វើឱ្យការលក់បន្លែរបស់អាជីវករលក់រាយ នៅតាមផ្សាររដ្ឋនានា មិនសូវមានអតិថិជនចូលទិញច្រើនដូចមុន។
សូមបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគរ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់តាំងពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ជាបន្ដបន្ទាប់៕
អត្ថបទ ៖ ឈិត បូរ៉ាវី