
កាលពីថ្ងៃអង្គារម្សិលមិញ វិមានក្រឹមឡាំង បានចាត់ទុកថាជាសេចក្តីអធិប្បាយដ៏គួរឲ្យពេញចិត្តដោយសម្តេចប៉ាប Francisដែលជំរុញឲ្យក្រុមយុវជនក្មេងៗរបស់រុស្ស៊ី ចងចាំប្រវត្តិសាស្រ្តរបស់ខ្លួន ដោយពួកគេនិយាយថា រដ្ឋរុស្ស៊ី មាននូវកេរ្តិ៍ដំណែលដ៏សម្បូរបែប ហើយវាគឺជាការល្អដែលសម្តេចប៉ាប ដឹងពីប្រវត្តិសាស្រ្តរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ សម្តេចប៉ាប Francis បានរងការរិះគន់យ៉ាងខ្លាំងសម្រាប់ព្រះបន្ទូលរបស់ទ្រង់ប្រាប់ក្រុមយុវជនរុស្ស៊ីកាលពីសប្តាហ៍មុនឲ្យចងចាំថាពួកគេគឺជាទាយាទរបស់ស្តេចត្សារ(អធិរាជរុស្ស៊ីមុនបដិវត្តន៍) ដូចជាអធិរាជ Peter ដែលលោកប្រធានាធិបតី Vladimir Putinយកមកធ្វើជាគំរូ ដើម្បីបង្ហាញភាពត្រឹមត្រូវចំពោះសកម្មភាពយោធារបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ។
រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា សេចក្តីអធិប្បាយបែបនេះ ដែលសម្តេចប៉ាប Francisបានបង្កើតឡើងនៅក្នុងសុន្ទរកថាជាវីដេអូផ្សាយផ្ទាល់ទៅកាន់ក្រុមយុវជនកាតូលិកដែលជួបជុំគ្នាក្នុងទីក្រុង St. Petersburg គឺជារឿងដែលគួរឲ្យសោកស្តាយខ្លាំងបំផុត ។
ស្របពេលដែលវិមានវ៉ាទីកង់ ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារនិយាយថា សម្តេចប៉ាបគ្មានបំណងលើកតម្កើងអតីតចក្រពត្តិរុស្ស៊ីនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកើតសរសើរដល់សម្តេចប៉ាប អំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃតែមួយនោះ ។
លោក Peskov និយាយថា សម្តេចប៉ាបបានដឹងពីប្រវត្តិសាស្រ្តរុស្ស៊ី ហើយនេះគឺជាការល្អខ្លាំងណាស់ ។ វាមានឫសគល់ដ៏ជ្រៅ ហើយកេរ្តិ៍ដំណែលរបស់ពួកយើង មិនមែនកំណត់ត្រឹមអធិរាជ Peter ឬអធិរាជ Catherine ប៉ុណ្ណោះនោះទេ វាមានអាយុកាលយូរជាងនេះទៅទៀត ៕