
ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀងបាននាំឲ្យទឹកទន្លេឡើងដល់កម្រិតធ្ងន់ធ្ងរដ៏គ្រោះថ្នាក់ និងបណ្តាលឲ្យកើតមានទឹកជំនន់នៅតាមតំបន់ភាគខាងលិច Tyrol ប្រទេសអូទ្រីស ហើយនិងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសមួយនេះ ។
ទន្លេជាច្រើនដូចជាទន្លេ Otztaler Acheបានហូរប្រៀបច្រាំង ដោយផ្នែកខ្លះនៃតំបន់ ត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅ ស្របពេលដែលប្រជាពលរដ្ឋ បានជម្លៀសខ្លួនចេញ ។
មកទល់នឹងថ្ងៃអង្គារ ស្ថានភាពហាក់ធូរស្រាលបន្តិចវិញ ដោយទទួលរងការគំរាមកំហែងតិចជាងមុនពីអាកាសធាតុអាក្រក់ និងទឹកជំនន់ ។
កាលពីរយៈពេល ២-៣សប្តាហ៍មុន ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ដ៏គំហក់នៅខេត្តភាគខាងត្បូង Carinthia និង Styria របស់ប្រទេសអូទ្រីស ហើយបញ្ហាស្ថានភាពអាកាសធាតុអាក្រក់នេះ បានកើតឡើងម្តងទៀតនៅពេលបច្ចុប្បន្ន ។
ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារភូមិសាស្រ្តអូទ្រីស បានចេញការព្រមានពីព្យុះផ្គរន្ទះ និងភ្លៀងធ្លាក់ខ្លាំង សម្រាប់តំបន់ជាច្រើននៅទូទាំងប្រទេស ។
ពួកគេបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitter ថា បរិមាណទឹកភ្លៀងដ៏ច្រើន ត្រូវបានព្យាករណ៍ថា នឹងកើតមាននៅតំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងប្រទេសអូទ្រីស ហើយពួកគេបានព្រមានផងដែរថា បំណាក់ដីច្រើនជាងនេះ និងទឹកជំនន់ដ៏គំហក់ ត្រូវបានគេរំពឹងថានឹងកើតមានឡើងផងដែរ ។
ដោយឡែក តំបន់ Vorarlberg និងតំបន់ Tyrol រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ។
តំបន់ Tyrol ខណ្ឌជាច្រើននៃរដ្ឋ Imst និងតំបន់ជ្រលងភ្នំ Ötztal ក៏ដូចជាខណ្ឌ Innsbruck-Land បានរងការជន់លិចដោយសារតែទឹកជំនន់៕