
មេដឹកនាំសាសនានិរទេសរបស់តំបន់ទីបេតិ៍សម្តេចសង្ឃដាឡៃ ឡាម៉ា បានធ្វើដំណើរទៅកាន់ស្រុក Kangra ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ក្រោយដំណើរទស្សនកិច្ចរយៈពេល ២ខែរបស់ព្រះអង្គទៅកាន់វាលខ្សាច់ភ្នំហិឡាឡៃ Ladakh របស់ប្រទេសឥណ្ឌា ។
មេដឹកនាំសាសនាអង្គនេះ បានចាកចេញពីទីក្រុងភ្នំ Dharamsala (ធម្មៈសាលា)កាលពីខែកក្កដា ជាកន្លែងដែលពលរដ្ឋតំបន់ទីបេតិ៍រស់នៅក្នុងនិរទេសភាពយ៉ាងច្រើន គឺជាជនភៀសខ្លួន ។ ក្រុមសាវ័ក បានរៀបចំការស្វាគមន៍យ៉ាងកក់ក្តៅដ៏សប្បាយរីករាយជាមួយនឹងការរាំរែក និងបង្ហាញផ្ទាំងរូបភាពសម្តេចសង្ឃ នៅអាកាសយានដ្ឋាន ពេលការយាងមកដល់របស់ព្រះអង្គ ។
សម្តេចសង្ឃដាឡៃ ឡាម៉ា ត្រូវបានគេផ្តល់ពានរង្វាន់ជាម្ចាស់ជ័យលាភីណូបែបសន្តិភាពកាលពីឆ្នាំ ១៩៨៩ ។ ក្រោយការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិននៅឆ្នាំ ១៩៥៩ មេដឹកនាំសាសនាអង្គនេះ បាននិរទេសខ្លួនទ្រង់ទៅកាន់ប្រទេសឥណ្ឌា ហើយចាប់តាំងពីពេលនោះមក ព្រះអង្គបានគង់នៅភាគច្រើននៅក្នុងទីក្រុង Dharamsala រដ្ឋ Himachal Pradesh ។
លោក Tenzin Nyidon គឺជាពលរដ្ឋតំបន់ទីបេតិ៍រស់នៅក្នុងនិរទេសភាពមួយរូបនិយាយថា វាសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង បានជួបព្រះអង្គ បើទោះបីជាពួកយើងស្នាក់នៅទីនេះនៅទីក្រុង Dharamsalaក៏ដោយ ពួកយើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់ ពេលណាក៏ដោយឲ្យតែពួកយើងបានឮព័ត៌មានថាសម្តេចសង្ឃដាឡៃ ឡាម៉ា ជិតមកវិញ ឬពេលណាក៏ដោយឲ្យតែទ្រង់យាងចេញក្រៅ ដោយសារតែពួកយើងចង់ទទួលបានការការប្រទានពរពីព្រះអង្គ ៕