ភ្នំពេញ ៖ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ ស្អែកនេះ នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន ២។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា លើ ទី១ ការសម្រេចអំពីសុពលភាពនអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត នីតិកាលទី ៧ នៃរដ្ឋសភាចំនួន ២៩ រូបជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។ ទី២ ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលមរណភាពជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។
សូមជម្រាបធា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាជាតិ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ព្រឹកស្អែកនេះផងដែរ។
កិច្ចប្រជុំនោះ បានកំណត់របៀបវារៈចំនួន ៤ ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកយកមកធ្វើការពិភាក្សា និងអនុម័ត គឺ ១- អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩ រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង ២៩ រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី ៣១ ខែសីហា ព្រឹកស្អែកនេះ។ អង្គប្រជុំក៏បានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន ១ រូប សម្រាប់ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕ អត្ថបទ៖ វ៉ន ដារ៉ា

